(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជិតផុតអាណត្តិនៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការដើម្បីចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ជាពេលដែលលោក ចូ បៃដិន ចាប់ផ្តើមពិធីស្បថឡើងកាន់តំណែង ជាប្រធានាធិបតីថ្មី នៃប្រទេសមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
នេះមិនមែនជារឿងថ្មីឡើយ ព្រោះលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសរួចមកហើយ លោកនឹងមិនទៅចូលរួមក្នុងពិធី ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់លោក ចូ បៃដិន នោះឡើយ។ បើតាមប្រភពពីអ្នកជិតស្និទ្ធនឹងរឿងនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់មូលដ្ឋាន អាន់ឌ្រូស៍ (Joint Base Andrews) ដែលស្ថិតនៅក្រៅរដ្ឋធានីវ៉ាស៊ីតោន (ជាកន្លែងចតយន្តហោះពិសេស Air Force One) ដើម្បីរៀបចំពិធីលាគ្នាមួយ»។
ទោះជាបែបនេះក្តី ប្រភពដដែលបានគូសបញ្ជាក់បន្ថែមថា ផែនការខាងលើនេះអាចនឹងត្រូវផ្លាស់ប្តូរ ទៅតាមស្ថានភាពជាក់ស្តែង ហើយក៏គ្មាននរណាអាចដឹងច្បាស់ដែរថា តើលោក ដូណាល់ ត្រាំ នឹងថ្លែងអ្វីមួយឬក៏អត់ នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា នោះ។ បន្ទាប់មកទៀតលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-a-Lago) ក្នុងទីក្រុង ផាមប៊ីច (Palm Beach) រដ្ឋផ្លរីដា ជាទីដែលលោកនឹងស្នាក់នៅ សម្រាប់បន្តកិច្ចការផ្សេងៗទៀត ជាពិសេសគឺការព្យាយាមរក្សាឥទ្ធិពលរបស់លោក នៅក្នុងគណបក្សសាធារណរដ្ឋ៕