(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦០នាក់ហើយ និងជាង ៨២០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច ( West Sulawesi) ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ ៦គីឡូម៉ែត្រពីភាគឦសាន្ត ទីក្រុង ម៉ាចេណេ (Majene) ដោយមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។ អ្នកស្រុក ១៥,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែង សុវត្ថិភាពជាបណ្តោះអាសន្ន។ អគារ និងផ្ទះជាច្រើនខ្នង ត្រូវបានគេរាយការណ៍ថាបានបាក់រលំ តែមិនទាន់មានការបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ ដែលអាចជាប់នៅ ក្រោមគំនរបាក់បែកនោះទេ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្ស ស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕