(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយបញ្ជាឱ្យលុបចោលបម្រាម ធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តលើបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមមានចក្រភពអង់គ្លេស និងប្រទេសប្រេស៊ីល ដែលពីដំបូងឡើយត្រូវបានដាក់ ដោយសារបារម្ភពីការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
បើតាមបទបញ្ជាប្រតិបត្តិខាងលើ ការលុបចោលបម្រាមធ្វើដំណើរ នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ពោលគឺ ០៦ថ្ងៃបន្ទាប់ពីលោក ត្រាំ ផុតអាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករានេះ។ យោងលើបទបញ្ជាប្រតិបត្តិដដែលនេះ លោក ត្រាំ បានយល់ឃើញថា ការលុបចោលបម្រាមធ្វើដំណើរលើបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមមានចក្រភពអង់គ្លេស និងអៀរឡង់ ព្រមទាំងប្រេស៊ីលជាដើម នឹងមិនបំផ្លាញដល់ផលប្រយោជន៍អាមេរិកនោះទេ។
គួរបញ្ជាក់ថា បម្រាមធ្វើដំណើររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងនៅតែបន្តអនុវត្តដដែលលើប្រទេសចិន និងអ៉ីរ៉ង់ ខណៈអ្នកពាក្យក្រុមការលោក ចូ បៃដិន គឺលោកស្រី ចេន ផ្សាគី (Jen Psaki) បានអះអាងថា អនាគតរដ្ឋបាលរបស់លោក បៃដិន មិនមានផែនការលុបចោលការរឹតត្បិត ឬបម្រាមធ្វើដំណើរណាមួយ ដែលនឹងធ្វើឱ្យស្ថានភាព COVID-19 កាន់តែអាក្រក់ឡើងនោះទេ៕