(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចោទប្រកាន់កូរ៉េខាងត្បូង ថាជាអ្នកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែមានភាពតានតឹងនឹងគ្នា ដោយទាមទារសំណងខុសច្បាប់ ជុំវិញការរំលោភបំពានផ្លូវភេទលើស្ត្រីជនជាតិកូរ៉េ និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ពីសំណាក់កងទ័ពជប៉ុន ក្នុងអំឡុងសម័យ សង្គ្រាមលោកលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ម៉ូតេគិ តូហ្ស៊ីមីតស៊ូ បានលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ដែលបានបង្គាប់ឲ្យជប៉ុនផ្តល់ សំណងដល់ស្ត្រីកូរ៉េខាងត្បូងចំនួន ១២នាក់ ដែលត្រូវបានរំលោភបំពានផ្លូវភេទ នៅក្នុងផ្ទះបនយោធារបស់ជប៉ុនក្នុងសម័យសង្រ្គាមគឺជា «ការវិវត្តខុសប្រក្រតីមួយដែល ពិតជានឹកស្មានមិនដល់ ក្រោមច្បាប់អន្តរជាតិ និងទំនាក់ទំនងទ្វេភាគី»។ «យើងទទូចដល់កូរ៉េខាងត្បូង ឲ្យកែប្រែការរំលោភច្បាប់អន្តរជាតិឲ្យបានឆាប់ និងធ្វើឲ្យទំនាក់ទំនង ល្អឡើងវិញ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ម៉ូតេគិ។
គួរបញ្ជាក់ថា តុលាការទីក្រុងសេអ៊ូល បានប្រកាសនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលជប៉ុន ត្រូវផ្ដល់សំណងជាទឹកប្រាក់ដល់ស្រី្តវ័យចំណាស់ ១២នាក់ ក្នុងម្នាក់ ១០០លានវ៉ុន (៩១,៣៦០ដុល្លារអាមេរិក) ដែលពួកគេបានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ២០១៣ ជុំវិញការរងទុក្ខវេទនារបស់ពួកគេក្នុងសម័យសង្គ្រាមដូចជា «ទាសករផ្លូវភេទ»។ ស្រ្តីវ័យចំណាស់ទាំង ១២នាក់នោះ ស្ថិតក្នុងចំណោមស្ត្រីរាប់ម៉ឺននាក់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិកដែលត្រូវបានបញ្ជូនទៅឲ្យធ្វើការក្នុងផ្ទះបន បម្រើដល់កងទ័ពជប៉ុន ក្នុងសម័យសង្រ្គាម។
សេចក្តីសម្រេចនេះ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរដែលទំនាក់ទំនង របស់ពួកគេបានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មាន ទសវត្សរកន្លងទៅនេះ លើសេចក្តីសម្រេចរបស់កូរ៉េខាងត្បូងស្តីពីសកម្មភាពរបស់ជប៉ុនក្នុងកំឡុងពេលអាណានិគមរបស់ខ្លួនកាលពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ នៅលើឧបទ្វីបកូរ៉េ៕