(ទុយនេស៊ី)៖ ប៉ូលិសនៅក្នុងប្រទេសទុយនេស៊ី បាននិយាយថាពួកគេ បានចាប់ខ្លួនមនុស្សច្រើនជាង ៦០០នាក់ នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សាមួយ ដែលផ្ទុះឡើងជាថ្មីនៅថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
បើតាមប៉ូលិសទុយនេស៊ី ក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី នៅក្នុងរដ្ឋធានីទុយនីស (Tunis) ដោយពួកគេបានចោលដុំថ្ម និងគ្រាប់បែកសាំង លើក្រុមកងកម្លាំង សន្តិសុខ ដែលបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករទាំងនេះ។ ក្រៅពីរដ្ឋធានី ទុយនីស អំពើហិង្សា និងបាតុកម្មតវ៉ា ក៏ត្រូវបាន រាយការណ៍ថាផ្ទុះឡើងផងដែរ នៅក្នុងទីក្រុងកាសសេរីន (Kasserine),ហ្គាហ្វសា (Gafsa), ស៊ូសសេ (Sousse) និងទីក្រុងម៉ូណាស្ទៀរ (Monastir)។
គួរបញ្ជាក់ ប្រទេសទុយនេស៊ី បច្ចុប្បន្នកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារការឆ្លងរាតត្បាត COVID-19 និងបានធ្វើឱ្យមួយភាគបី នៃយុវជនទុយនេស៊ី គ្មាន ការងារ ជាហេតុធ្វើឱ្យពួកគេខឹងសម្បារយ៉ាងខ្លាំង។ ក្រុមបាតុករ ដែលភាគច្រើនជាយុវជន នៅតែបន្តធ្វើការតវ៉ា និងបានស្នើឱ្យរដ្ឋាភិបាល ដោះលែងអ្នកដែលត្រូវបាន ចាប់ខ្លួនជាបន្ទាន់ ជាមួយការស្រែកច្រៀងនូវពាក្យស្លោក «គ្មានការភ័យខ្លាច, ដងផ្លូវនានាគឺជាកម្មសិទ្ធិរបស់ប្រជាជន»៕