(ញូដេលី)៖ ពលករចំណាកស្រុកយ៉ាងហោច១៣នាក់ ដែលកំពុងតែដេកលង់លក់នៅលើចិញ្ចើមផ្លូវ ក្នុងរដ្ឋហ្គូរ៉ាចាត់ (Gurajat) ភាគខាងលិច ប្រទេសឥណ្ឌាបានបាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួសនៅថ្ងៃអង្គារនេះ ដោយសារត្រូវរថយន្តធុនធំមួយគ្រឿងកិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនាវេលាមុនពេលព្រឹកថ្ងៃអង្គារនេះ នៅភូមិឈ្មើកូសាមបា (Kosamba) ចម្ងាយខ្ទង់២៤៥គីឡូម៉ែត្រពីទីក្រុងហ្គាន់ឌីណាហ្គា (Gandhinagar) រដ្ឋធានីនៃរដ្ឋ Gujarat។ ប៉ូលិសឥណ្ឌាបានឲ្យដឹងថា មនុស្ស១៣នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស បន្ទាប់ពីរថយន្តធំដឹកទំនិញមួយគ្រឿងបានកិនលើ ពួកគេដែលកំពុងតែសម្រាកនៅឯចិញ្ចើមផ្លូវ។ ជនរងគ្រោះទាំងនោះ គឺជាពលករចំណាកស្រុកមកពីរដ្ឋរ៉ាចាស្ថាន (Rajasthan)។
គួរបញ្ជាក់ថា បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌា ដំបូងឡើយមានការប៉ះទង្គិចគ្នារវាងរថយន្តធុនធំនោះ ជាមួយនឹងត្រាក់ទ័រមួយគ្រឿងទៀត ហើយក្រោយមកអ្នកបើករថយន្តដឹកទំនិញបានបាត់បង់លំនឹង រួចជ្រុលឡើងលើចិញ្ចើមផ្លូវហើយកិនក្រុមពលករខាងលើ៕