(វ៉ាស៊ីនតោន)៖ ក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសន័រវែស កំពុងធ្វើការស៊ើបអង្កេតលើករណីស្លាប់របស់អ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
ជាធម្មតា ការចាក់វ៉ាក់សាំងបង្កផលប៉ះពាល់ គឺកម្រនឹងកើតឡើងណាស់ ហើយបើមានប្រតិកម្មក៏វាមានលក្ខណៈស្រាលដែរ។ ប៉ុន្តែ ជួនកាល វាអាចបង្កឱ្យអ្នកចាក់វ៉ាក់សាំង មាន អាការៈគ្រុនក្ដៅ និងក្អតជាដើម ដែលអាចនឹងបង្ករឿងថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សវ័យចំណាស់ ឬអ្នកមានសុខភាពទន់ខ្សោយខ្លាំង។ ក្រោយមានព័ត៌មានពីការស្លាប់របស់អ្នកជំងឺ វ័យចំណាស់ ៣៣នាក់ ក្រុមវេជ្ជបណ្ឌិត មកពីវិទ្យាស្ថានសុខាភិបាលសាធារណន័រវែស បានដឹកនាំការស៊ើបអង្កេតមួយ ដើម្បីរកឱ្យឃើញការពិតថាតើអ្នកទាំងនេះដែលមានអាយុ ចាប់ពី៧៥ឆ្នាំឡើងទៅ ស្លាប់ដោយសារតែការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech ឬក៏បណ្ដាលមកពីបញ្ហាផ្សេង។
ក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើបច្ចុប្បន្នភាពលើការណែនាំការចាក់វ៉ាក់សាំងផងដែរ ដោយតម្រូវឱ្យវេជ្ជបណ្ឌិតទាំងអស់ ត្រូវវាយតម្លៃលើអ្នកជំងឺម្នាក់ៗ ដើម្បីកំណត់ពីផលវិបាក និងផលប្រយោជន៍ មុននឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ មនុស្ស ៤៨,០០០នាក់ នៅក្នុងប្រទេសន័រវែស បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរបស់ពួកគេ ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer/BioNTech។ មនុស្សចំណាស់, បុគ្គលិកសុខាភិបាលជួរមុខ និងជនងាយរងគ្រោះ បានទទួលការចាក់វ៉ាកសាំងជាអាទិភាព៕