(បាងកក)៖ តុលាការទីក្រុងបាងកក នៅថ្ងៃអង្គារនេះបានសម្រេច ផ្តន្ទាទោសអតីតមន្រ្តីរាជការមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ និង ០៦ខែ ពីបទរំលោភលើច្បាប់ដ៏តឹងរ៉ឹងរបស់ប្រទេស នោះគឺការប្រមាថអង្គព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
តុលាការព្រហ្មទណ្ឌទីក្រុងបាងកកបានរកឃើញថា ស្ត្រីជាអតីតមន្ត្រីរាជការរូបនោះ បានប្រព្រឹត្តបទល្មើសសរុប ២៩ករណី ដែលជាការរំលោភបំពាន លើច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសថៃ ក្នុងការការពារស្ថាប័នព្រះមហាក្សត្រ។ ក្រុមមេធាវីថៃបានគូសបញ្ជាក់ថា ស្ត្រីរូបនោះបានបង្ហោះឃ្លីបសំឡេង ដែលជាការបញ្ចេញមតិយោបល់រិះគន់របស់ខ្លួន ទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធ្យូប ហើយទង្វើទាំងនេះត្រូវបានចាត់ទុកថា ជាការរិះគន់ និងប្រមាថចំពោះព្រះមហាក្សត្រ។
ស្ត្រីដែលត្រូវបានកាត់ទោសនៅថ្ងៃអង្គារនេះមានឈ្មោះថា អានចាន់ (Anchan) និងមានអាយុប្រហែលជាង ៦០ឆ្នាំ។ ដំបូងឡើយ តុលាការបានប្រកាសកាត់ទោសស្ត្រីរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨៧ឆ្នាំ ប៉ុន្តែបានសម្រេចបន្ធូរបន្ថយទោស ឲ្យមកនៅត្រឹមពាក់កណ្តាលវិញ (៤៣ឆ្នាំ និង ០៦ខែ) ពីព្រោះស្ត្រីរូបនោះបានសារភាពទោសកំហុស។
គួរបញ្ជាក់ថា រឿងក្តីរបស់ស្ត្រីឈ្មោះ Anchan ខាងលើនេះ មានរយៈពេល ៦ឆ្នាំមកហើយ គឺនៅក្រោយពេលដែលស្ត្រីរូបនេះត្រូវបានចាប់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រី៕