(ប៉េកាំង)៖ សហរដ្ឋអាមេរិក ក្រោមការដឹកនាំនៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ជាថ្មីឡើងវិញពីគាំទ្ររបស់ខ្លួនចំពោះកោះតៃវ៉ាន់ បន្ទាប់ពីចិនបញ្ជូន យន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅហោះឆ្វែលកោះតៃវ៉ាន់ ដែលនេះជាសកម្មភាពមួយត្រូវបានគេមើលឃើញថាជាការធ្វើតេស្ដប្រតិកម្មរបស់រដ្ឋបាលលោក បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបង្ហាញក្ដីព្រួយបារម្ភដោយ ចាត់ទុកថាសកម្មភាពយន្ដហោះចម្បាំចិន គឺជាការគំរាមកំហែងប្រទេសជិតខាង ក្នុងនោះរួមមានទាំងកោះតៃវ៉ាន។ លោក Ned Price បានលើកឡើងដូច្នេះថា៖ «យើង ជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ជាបន្ទាន់នូវការដាក់សម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ចប្រឆាំងតៃវ៉ាន់...ហើយត្រឡប់មករកកិច្ចសន្ទនាដ៏មានន័យ ជាមួយតៃវ៉ាន់វិញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែកដល់ទៅ៨គ្រឿង រួមជាមួយយន្តហោះចម្បាំង៤គ្រឿង របស់យោធាចិន បានចូលមកដល់ជ្រុងភាគនិរតីនៃតំបន់ដែនអាកាស ADIZ របស់តៃវ៉ាន់ ខណៈខាងតៃវ៉ាន់ភ្លាមៗនោះបានចល័តប្រព័ន្ធមីស៉ីល ដើម្បីឃ្លាំមើលស្ថានការណ៍៕