(ម៉ូស្គូ)៖ លោកស្រី Daria Egorova អ្នកជំនាញជាន់ខ្ពស់ម្នាក់នៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តរុស្ស៉ី Gamaleya នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វ៉ាក់សាំង COVID-19 របស់ប្រទេសរុស្ស៉ីគឺ Sputnik V មានប្រសិទ្ធភាពស្ទើរតែ១០០ភាគរយ ក្នុងការបង្កើតកោសិកាភាពស៉ាំប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
អំឡុងកិច្ចប្រជុំអនឡាញមួយរបស់បណ្ឌិតសភាវិទ្យាសាស្រ្តរុស្ស៉ី លោកស្រី Egorova បានលើកឡើងថា «យោងតាមលទ្ធផលដែលយើង មានបច្ចុប្បន្នពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V ប្រព័ន្ធការពាររាងកាយអាចប្រឆាំងតទល់ជាមួយការវាយលុកពីជំងឺ COVID-19 លើសពី៩៨ភាគរយ»។ ការវិភាគដំបូងៗទៅលើទិន្នន័យនៃការធ្វើតេស្តវ៉ាក់សាំងនេះ ធ្លាប់បានបង្ហាញថា វាមានប្រសិទ្ធភាពជាង៩១ភាគរយ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V របស់រុស្ស៉ី ត្រូវគេចាត់ទុកជាវ៉ាក់សាំងប្រឆាំង COVID-19 ដែលសម្រេចបានដំបូងបង្អស់នៅលើពិភពលោក។ វាត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តរុស្ស៉ី Gamaleya ហើយត្រូវការចាក់ចំនួន០២ដូស ដូចវ៉ាក់សាំង COVID-19 ផ្សេងទៀតដែរ៕