(ហ្សឺណេវ)៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយកនៃអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប លោកHans Kluge បានមានប្រសាសន៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងធ្វើការមិនឈប់ឈរដើម្បីបំពេញតម្រូវការ ជូនបណ្តាប្រទេសដែលកំពុងព្យាយាមទប់ស្កាត់ការឆ្លងការរីករាលដាលនៃជំងឺ COVID-19 និងបានជំរុញពួកគេឲ្យមានភាពអត់ធ្មត់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
លោក Kluge បានថ្លែងប្រាប់សន្និសីទសារព័ត៌ មានតាមអនឡាញថា «សាមគ្គីភាព មិនចាំបាច់មានន័យថា ប្រទេសនីមួយៗក្នុងពិភពលោកចាប់ផ្តើមចាក់វ៉ាក់សាំង ក្នុងពេលតែមួយនោះទេ…ការយល់ដឹងល្អគឺថាគ្មាននរណាម្នាក់មានសុវត្ថិភាព មុនពេលមនុស្សគ្រប់គ្នាមានសុវត្ថិភាពនោះទេ»។
នៅពេលត្រូវបានគេសួរអំពី ការពន្យាពេលក្នុងការបង្កើនល្បឿនចាក់វ៉ាក់សាំង Pfizer និង AstraZeneca សម្រាប់ប្រជាជននៅទូទាំងសហភាពអឺរ៉ុបទាំង ២៧ប្រទេស, លោក Kluge និងអ្នកជំនាញចាក់វ៉ាក់សាំងពីអង្គការសុខភាពពិភពលោក គឺលោក Siddhartha Datta បានអំពាវនាវដល់រដ្ឋាភិបាល និងអ្នកផលិតឲ្យសហការគ្នាក្នុងការដោះស្រាយបញ្ហាច្របូកច្របល់ នៅពេលចាប់ផ្តើមចាក់វា៉ាក់សាំង។
«ការពិត គឺយើងមានការខ្វះខាតវ៉ាក់សាំង ...ប៉ុន្តែយើងមិនសង្ស័យថាក្រុមហ៊ុនអ្នកផលិត កំពុងធ្វើការ ២៤ម៉ោង លើ ៧ថ្ងៃ ដើម្បីបំពេញចន្លោះប្រហោង ហើយយើងជឿជាក់ថា ការពន្យារពេលដែលយើងកំពុងមើលឃើញឥឡូវនេះ នឹងធ្វើឲ្យផលិតកម្ម កើនឡើងច្រើននាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក Hans Kluge នាយកនៃអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប។
លោក Kluge បានសង្កត់ធ្ងន់ថា«យើងចាំបាច់ត្រូវមានការអត់ធ្មត់។ វាត្រូវការពេលវេលា។ រហូតមកទល់ពេលនេះ ប្រទេសសរុបចំនួន ៣៥ប្រទេសនៅអឺរ៉ុប បានចាប់ផ្តើមចាក់វ៉ាក់សាំង ដោយមានមនុស្សចំនួន ២៥លាននាក់ ដែលបានទទួលរួចហើយ៕