(ប៉េកាំង)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងនៅក្រុងប៉េកាំងថា មិនថាគិតពីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ឬប្រជាជនពិភពលោកក្តី កិច្ចសហប្រតិបត្តិការគួរតែក្លាយជា គោលដៅសំខាន់របស់ចិន និងសហរដ្ឋអាមេរិក។
លោក វ៉ាង យី បានបញ្ជាក់ថា ជាបឋមបញ្ហាទំនាក់ទំនងរវាងចិន និងអាមេរិកត្រូវតែគោរពគោលការណ៍ ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត។ ភាគីចិនរីករាយរួមសហការជាមួយអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកវិវឌ្ឍរីកចម្រើនទៅមុខ ប្រកបដោយភាពរឹងមាំ និងស្ថិរភាព។ ប្រទេសចិនប្រកាប់ខ្ជាប់នូវអាកប្បកិរិយាបើកទូលាយ ដើម្បីធ្វើការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅជាមួយអាមេរិក។
លោក វ៉ាង យី រំពឹងទុកថា សហរដ្ឋអាមេរិកអាចដើរទៅរក ទិសដៅដូចគ្នាជាមួយចិន លុបចោលក្នុងពេលឆាប់ៗនូវការរឹតត្បិតគ្រប់ប្រភេទ ដែលមិនសមហេតុផល ក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកនាពេលបច្ចុប្បន្ន ក៏ដូចជាមិនបង្កើតឧបសគ្គរារាំងថ្មី ដោយចេតនាថែមទៀត។
សហរដ្ឋអាមេរិកគួរតែធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចពិគ្រោះពិភាក្សាដោយស្មោះត្រង់ បង្ការកុំឱ្យមានការវិនិច្ឆ័យយុទ្ធសាស្រ្តខុសឆ្គង ចៀសវាងបង្កជម្លោះ និងការប្រឈមមុខដាក់គ្នា ដើម្បីធ្វើការប្រកួតប្រជែងល្អ ដោយឈរលើមូលដ្ឋានសច្ចយុត្តិធម៌៕