(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងលើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយការ ជំរុញឱ្យក្រុមឧត្ដមសេនីយ៍បញ្ឈប់ការប្រើហិង្សាបង្រ្កាបលើក្រុមបាតុករ ក៏ដូចជាដោះលែងអ្នកដែលកំពុងជាប់ឃុំក្នុងនោះរួមមានលោកស្រី អោង សានស៊ូជីឱ្យមាន សេរីភាព និងប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី ស៊ូជីវិញ។

ទន្ទឹមគ្នានឹងថ្កោលទោស សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ាផងដែរ រីឯបណ្ដាប្រទេសលោកខាងលិចមួយចំនួនបានចាប់ផ្ដើមដើរ តាមទីក្រុងវ៉ាស៊ីនតោន ដោយដាក់ទណ្ឌកម្មលើឧត្ដមសេនីយ៍ រួមទាំងអ្នកដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ និងការបង្រ្កាបលើក្រុមបាតុករដើម្បី បង្ខំឱ្យយោធាមីយ៉ាន់ម៉ាកែប្រែចិត្តគំនិត។

តែមកទល់នឹងពេលនេះ យោធាមីយ៉ាន់ម៉ាហាក់ដូចជាមិនអើពើទៅនឹងការថ្កោលទោស ឬការអំពាវនាវខាងលើនោះទេ ហើយផ្ទុយទៅវិញស្ថានការណ៍នៅមីយ៉ាន់ម៉ា បែរជាកាន់តែអាក្រក់ឡើង។ បើតាមអង្គការសង្គមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា បាតុករយ៉ាងហោច២៦១នាក់ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់គិតចាប់តាំងពី ថ្ងៃទី០១ ខែកុម្ភៈមក។

ខាងក្រោមនេះជាចំណាត់ការដាក់ទណ្ឌកម្មប្រឆាំងរបបសឹកមីយ៉ាន់ម៉ា៖

*សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានចេញបទបញ្ជាប្រតិបត្តិការមួយកាលពីថ្ងៃទី០១ ខែកុម្ភៈដោយបើកផ្លូវសម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា។ បទបញ្ជានេះបានបង្កកទ្រព្យសម្បតិ្ត មួយពាន់លានដុល្លារដែលតម្កល់ទុកនៅឯធនាគារកណ្ដាលអាមេរិកក្នុងទីក្រុងញូយ៉ក ហើយដែលយោធាមីយ៉ាន់ម៉ា ព្យាយាមដកយក បន្ទាប់ពីរឹបអូសអំណាច។

ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីខែកុម្ភៈបានប្រកាសដាក់ទណ្ឌកម្មដោយហាមមិនឱ្យក្រុមហ៊ុន ឬប្រជាជនអាមេរិករកស៊ីជាមួយមន្ត្រីមីយ៉ាន់ម៉ា១២រូប និងក្រុមហ៊ុន មួយចំនួនគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ខណៈកូនៗរបស់ឧត្ដមសេនីយ៍លោក មីន អោង ហ្លេង រួមទាំងលោក មីន អោងហ្លេងផ្ទាល់ និងក្រុមហ៊ុនដែលពួកគេគ្រប់គ្រងក៏ជាប់ទណ្ឌកម្មស្រដៀងគ្នានេះដែរ។ ចំណែកឯ ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី០៤ ខែមីនាបានដាក់ទណ្ឌកម្មដោយតម្រូវឱ្យក្រុមហ៊ុនអាមេរិក ទាំងអស់ត្រូវរឹតត្បិតការផ្ដល់អាជ្ញាបណ្ណសម្រាប់ការនាំចេញទំនិញ ឬសម្ភារៈនានាឱ្យក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនសម្ព័ន្ធ Myanmar Economic Holdings Limited (MEHL) និងក្រុមហ៊ុន Myanmar Economic Corporation (MEC) ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។

រហូតដល់ថ្ងៃទី២២ ខែមីនានេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសពីទណ្ឌកម្មចុងក្រោយបំផុតតាមរយៈការបញ្ចូលមេប៉ូលិសម្នាក់ និងមេបញ្ជាការម្នាក់នៃរបបសឹកមីយ៉ាន់ម៉ា រួមជាមួយអង្គភាពយោធាចំនួន២ ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មអាមេរិក ដោយចោទថាពួកគេមានជាប់ពាក់ព័ន្ធនឹងការបង្រ្កាបក្រុមបាតុករ។

*សហភាពអឺរ៉ុប

ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅថ្ងៃចន្ទ ទី២២ ខែមីនាម្សិលមិញនេះបានអនុម័ត្តលើបម្រាមធ្វើដំណើរ និងបង្កកទ្រពសម្បត្តិប្រឆាំងនឹងបុគ្គល១១រូបមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ។ នៅក្នុងចំណោមអ្នកទាំងនេះមានទាំងលោក មីន អោងហ្លេង និងលោក មីយ៉ីង ស្វេ (Myint Swe) ដែលត្រូវបានតែងតាំងជាប្រធានាធិបតី បណ្ដោះអាសន្ន។ ក្រុមមន្ត្រីការទូតអឺរ៉ុបក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដែរថាសហភាពអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀត ក្នុងពេលឆាប់ៗនេះដោយ ហាមឃាត់ក្រុមហ៊ុន ឬអ្នកវិនិយោគ និងធនាគារអឺរ៉ុបក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនសម្ព័ន្ធ MEHL និងក្រុមហ៊ុន MEC ដែលជាប្រភពចំណូល ដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា។

*ប្រទេសដទៃ

មួយសប្ដាហ៍ក្រោយរដ្ឋប្រហារ ប្រទេសនូវែលសេឡង់បានប្រកាសផ្អាកកិច្ចព្រមព្រៀងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា និងបានដាក់បម្រាមធ្វើដំណើរ លើមេដឹកនាំយោធា។ ចក្រភពអង់គ្លេស និងកាណាដាបានដាក់ទណ្ឌកម្មរៀងៗខ្លួនរបស់ពួកគេកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងនោះទីក្រុងឡុងដ៍ប្រកាសបង្កទ្រពសម្បត្តិ រីឯកាណាដាបញ្ចូលមន្ត្រីយោធាមីយ៉ាន់ម៉ា៩រូបទៅក្នុងបញ្ជីខ្មៅ។ លើសពីនេះទៅទៀត ចក្រភពអង់គ្លេសថែមទាំងបានរារាំងមិនឱ្យជនជាតិអង់គ្លេសផ្ដល់ជំនួយ ដោយប្រយោល ឬដោយផ្ទាល់ដែលជួយដល់របបសឹកទៀតផង។

ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៧ ខែមីនាក៏បានផ្អាកកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយយោធាមីយ៉ាន់ម៉ាផងដែរ ហើយថានឹងបង្វែរជំនួយសម្រាប់រដ្ឋាភិបាលទៅឱ្យ ក្រុមអង្គការសង្គមស៊ីវិល។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគខ្លះយល់ថាការដាក់ទណ្ឌកម្មប្រហែលជានឹងមិនអាចធ្វើឱ្យយោធាកែប្រែចិត្តឡើយ ហើយវាក៏មិនអាចធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស មីយ៉ាន់ម៉ាប្រសើរឡើងនោះដែរ។ ដ្បិតជាធម្មតាទណ្ឌកម្ម វាតែងតែប៉ះពាល់ធ្ងន់ធ្ងរជាងគេដល់ប្រជាជនស៊ីវិល ជាជាងមេដឹកនាំរបស់ពួកគេ។ តែសម្រាប់ សហរដ្ឋអាមេរិក ការដាក់ទណ្ឌកម្មគឺជាចំណាត់ការការពារតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕

ប្រភព៖ Reuters (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១)