(ប៊ែកឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅនៅថ្ងៃពុធនេះថា ការរឹតបន្តឹងលើវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 ដែលគ្រោងនឹងអនុវត្តនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ ត្រូវបានលុបចោលវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។
លោកស្រី Merkel បាននិយាយថា ទោះបីជាការបិទខ្ទប់ប្រទេសទាំងស្រុងនៅសប្តាហ៍ក្រោយ ត្រូវបានប្រកាសជាបឋមជាមួយ«បំណងល្អបំផុត»ដើម្បីកាត់បន្ថយល្បឿននៃការរីករាលដាលរលកទី៣ នៃជំងឺ COVID-19ក៏ដោយ ក៏គំនិតនេះគឺជាកំហុសមួយ។
លោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា «វាជាកំហុសរបស់ខ្ញុំ»។ ក្នុងឋានៈជាអធិការបតី លោកស្រីមានប្រសាសន៍ថា លោកស្រីត្រៀមខ្លួនទទួលយកការទទួលខុសត្រូវចុងក្រោយ។ កំហុសត្រូវតែដាក់ឈ្មោះថាជាកំហុស ហើយសំខាន់បំផុតវាត្រូវតែត្រូវបានកែ ហើយត្រូវធ្វើឲ្យបានទាន់ពេលវេលា។
លោកស្រី Merkel បានបន្ថែមថា លោកស្រីមានការសោកស្តាយដែលការប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបណ្តាលឲ្យមានភាពមិនច្បាស់លាស់បន្ថែមទៀត និងបានសុំអភ័យទោសដល់ពលរដ្ឋអាល្លឺម៉ង់ទាំងអស់។ លោកស្រីគូសបញ្ជាក់ថា«ខ្ញុំជឿជាក់យ៉ាងមុតមាំថាយើងនឹងកម្ចាត់វីរុសជាមួយគ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសអាល្លឺម៉ង់នឹងពន្យារពេលវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ១៨ ខែមេសា ជាមួយនឹងការរឹតត្បិតរឹតតែខ្លាំងក្នុងកំឡុងពេលថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ(Easter)៕