(សេអ៊ូល)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដមីស៊ីល ប្រភេទនេះលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
បាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងជាទង្វើត្រូវបានហាមឃាត់ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបានចាត់ទុក ថាការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ខាងកូរ៉េខាងត្បូង បានទទួលស្គាល់ដូចគ្នាថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលពីរគ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តែមិនទាន់អាចកំណត់ពីប្រភេទមីស៊ីលត្រូវបានបាញ់តេស្ដនៅឡើយទេ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីចុងសប្ដាហ៍កន្លងទៅក៏ត្រូវបានគេរាយការណ៍ដែរថាបានធ្វើតេស្ដមីស៊ីលរយៈចំម្ងាយខ្លីពីរគ្រាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបដិសេធ ចូលរួមក្នុងកិច្ចចរចាជាមួយរដ្ឋបាលលោក បៃដិន៕