(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៧៦ភាគរយនៅក្នុងការធ្វើ តេស្ដនៅសហរដ្ឋអាមេរិក ដែលផ្ទុយពីលទ្ធផលតេស្ដចេញផ្សាយកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
កាលពីថ្ងៃទី២២ ខែកម្ភៈកន្លងទៅ ក្រុមហ៊ុន AstraZeneca បានឱ្យដឹងថាលទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយនៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញថាវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ»។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកនៅដើមសប្ដាហ៍នេះបានរិះគន់ត្រង់ៗថា ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះបានប្រើប្រាស់ព័ត៌មានហួសសម័យ ដើម្បីគណនាពីប្រសិទ្ធភាពវ៉ាក់សាំង។
នៅក្នុងការធ្វើបច្ចុប្បន្នភាពនៃប្រសិទ្ធភាពវ៉ាក់សាំង ក្រុមហ៊ុន AstraZeneca ប្រកាសជាថ្មីថាវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៧៦ភាគរយនៅក្នុងការធ្វើ តេស្ដនៅសហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នា ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះនៅតែបញ្ជាក់ដដែលថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព១០០ភាគរយក្នុងការទប់ស្កាត់ មិនឲ្យអ្នកជំងឺឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និង៨៥ភាគរយសម្រាប់មនុស្សមានវ័យ៦៥ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពនៃប្រសិទ្ធភាពវ៉ាក់សាំង AstraZeneca ធ្វើឡើងដោយផ្អែកលើទិន្នន័យអ្នកឆ្លង COVID-19 ចំនួន១៩០នាក់នៅក្នុងចំណោមអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងការធ្វើតេស្ដជាង ៣២,៤៤៩នាក់ នៅក្នុងសហរដ្ឋអាមេរិក ស៊ីលី និងប៉េរូ។ ទិន្នន័យធ្វើតេស្ដចេញផ្សាយពីលើកមុនមានអ្នកឆ្លង១៤១នាក់ប៉ុណ្ណោះ ក្នុងចំណោម អ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដនេះ៕