(ហ្សឺណែវ)៖ សហរដ្ឋអាមេរិករំពឹងថា របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ជុំវិញការស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយតម្រូវឱ្យមានការសិក្សាស្រាវបន្ថែម ក្នុងនោះរួមមានទាំងត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ និងចេញផ្សាយដោយទីភ្នាកងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
លោក ម៉ាក ខាស្សេយ (Marc Cassayre) ជាភារធារីនៃបេសកកម្មការទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ខណៈអង្គការ WHO គ្រោងនឹងបញ្ចេញរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងរួមគ្នាដោយ ក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិននៅក្នុងសប្ដាហ៍នេះ។
«យើងរំពឹងថារបាយការណ៍នោះ នឹងធ្វើឡើងដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយក្លាយជាការបោះជំហានទៅមុខមួយយ៉ាងពិតប្រាកដ ដើម្បីអាចឱ្យពិភពលោក បានដឹងពីប្រភពដើមនៃវីរុសនេះ និងអាចឱ្យយើងត្រៀមខ្លួនបានកាន់តែប្រសើរ ចំពោះជំងឺរាតត្បាតណាមួយនៅពេលអនាគត»។ នេះជាការលើកឡើងរបស់លោក Cassayre អមដោយការសង្កត់ធ្ងន់បន្ថែមទៀតថា វាគួរតែមានការសិក្សាបន្ថែម ពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ហើយបើអាចក្រុមអ្នកជំនាញអន្តរជាតិ គួរតែត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយ អង្គការសុខភាពពិភពលោក បានចុះទៅដល់ទីក្រុងវូហាន ប្រទេសចិនចាប់ពីខែមករា ដល់ខែកុម្ភៈកន្លងទៅ ក្នុងគោលបំណងស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណា COVID-19។ ក្រោយបញ្ចប់ការស៊ើបអង្កេត ទាំងក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិនបានយល់ស្របដូចគ្នាថា «វីរុសកូរ៉ូណាមានប្រភពដើមមកពីសត្វ ចម្លងទៅកាន់មនុស្ស»។ ប៉ុន្តែក្រុមមន្ត្រីអាមេរិក ដែលកន្លងមកតែងតែចោទប្រកាន់ចិន ជុំវិញប្រភពដើមនៃវីរុសកូរ៉ូណានោះ នៅតែសង្ស័យអំពីតម្លាភាព នៃការស៊ើបអង្កេតនេះ៕