(បាងកក)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានអនុម័តឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់ ចំពោះវ៉ាក់សាំង Johnson & Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
លោក Anutin Charnverrankoll បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះថា រដ្ឋបាលចំណីអាហារនិងឱសថថៃ(FDA) បានអនុម័តឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson បន្ថែមលើវ៉ាក់សាំង AstraZeneca និង Sinovac Biotech ដែលត្រូវចែកចាយរួចហើយនៅក្នុងប្រទេស។
លោក Paisal Dunkhum ដែលជាប្រធានរដ្ឋបាលចំណីអាហារនិងឱសថថៃ(FDA)បានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm របស់ចិន និង Sputnik V របស់ប្រទេសរុស្ស៊ី ក៏កំពុងត្រៀមរៀបចំដាក់សំណើសុំការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃដែលបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ជាង ២៨,០០០ករណីនៅទូទាំងប្រទេស បានផ្តល់ជូនវ៉ាក់សាំងប្រហែលជា ១០០,០០០ដូស ដល់បុគ្គលិកពេទ្យនិងក្រុមដែលមានហានិភ័យខ្ពស់។ យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ ដោយប្រើវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក៕