(ហ្សាកាតា)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech ចំនួន ១៦លានដូស បានទៅដល់អាកាសយានដ្ឋានសូកេណូហាតា(Soekarno-Hatta)ខេត្តបេនថេន(Banten) នៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Dante Harbuwono បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា«ជាមួយនឹងការមកដល់វ៉ាក់សាំងចំនួន ១៦លានដូសនេះ មានន័យថាយើងទទួលបានវ៉ាក់សាំងសរុបចំនួន ៥៣.៥លានដូសហើយ»។
អាជ្ញាធរបានគូសបញ្ជាក់ថា វ៉ាក់សាំងដែលបានមកដល់អាកាសយានដ្ឋាន Soekarno-Hatta ទាំង ១៦លានដូសនេះ នឹងត្រូវបញ្ជូនទៅឲ្យក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋឈ្មោះ Bio Pharma នៅខេត្ត Bandung នៃកោះជ្វាខាងលិចដើម្បីចាត់ចែង។
គួរបញ្ជាក់ថា នេះជាដំណាក់កាលទី៧ហើយ នៃការមកដល់នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយដំណាក់កាលទី១ បានមកដល់តាំងពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០មកម្លេះ។
ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន នៅថ្ងៃទី១៣ ខែមករា ដោយមានគោលដៅសម្រេចបានចំនួន ១៨១.៥លាននាក់រហូតដល់ឆ្នាំក្រោយ។ រហូតមកដល់ពេលនេះ ប្រជាជនប្រមាណ០៦លាននាក់នៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងក្នុងនោះមាន ០៣លាននាក់បានទទួលដូសទី២ រួចរាល់៕