(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,០១៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានឡើយ ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺនេះ កាលពីខែមករា ឆ្នាំ២០២០មក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
បូកបន្ថែមជាមួយករណីថ្មីៗខាងលើ ធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ ៧៣១,៨៩៤ករណី។ ក្នុងរយៈពេលដូចគ្នានេះ DOH ក៏បានរាយការណ៍ពីការរកឃើញ អ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ១៦នាក់បន្ថែមទៀតផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១៣,១៨៦នាក់ ខណៈចំនួនអ្នកជំងឺជាសះស្បើយសរុប បានកើនឡើងដល់ ៦០៣,២១៣នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មីៗចំនួន ៧៨នាក់។
ជុំវិញបញ្ហានេះ លោកស្រី Maria Rosario Vergeire រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញថា «ទិន្នន័យរបស់យើង បានបង្ហាញពីការកើនឡើងនូវ ករណីឆ្លងជាបន្តបន្ទាប់នៅតំបន់ Metro Manila (តំបន់ក្តោបទាំងរដ្ឋធានីម៉ានីល និងទីក្រុងមួយចំនួនទៀត) និងនៅក្នុងខេត្តចំនួន៤ ជាប់ៗនោះ ដែលវាសង្កត់ធ្ងន់លើតម្រូវការចាត់វិធានការចាក់សោរ និងរឹតត្បឹតសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។
បើមិនដូច្នេះទេ លោកស្រីបានព្រមានថា អ្នកដែលកំពុងផ្ទុកជំងឺ COVID-19 នៅប្រទេសនេះ អាចកើនឡើងដល់៤៣០,០០០ករណី នៅដំណាច់ខែមេសា ហើយក្នុងនោះ៣៥០,០០០ករណី គឺស្ថិតនៅតំបន់ Metro Manila តែឯងតែម្តង។
គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន០១លានដូស ក៏បានមកដល់ហ្វីលីពីនផងដែរ ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ វាគឺជាវ៉ាក់សាំង Sinovac កញ្ចប់ដំបូង ដែលរដ្ឋាភិបាលហ្វីលីពីនបានប្រើថវិកាដើម្បីទិញ។ វ៉ាក់សាំង០១លានដូសនេះ តម្លៃជាង១៤លានដុល្លារ។ ហ្វីលីពីនគ្រោងទិញវ៉ាក់សាំង COVID-19 សរុប២៥លានដូសពីក្រុមហ៊ុន Sinovac។ កន្លងមក រដ្ឋាភិបាលចិនក៏បានផ្តល់អំណោយវ៉ាក់សាំង Sinovac ១លានដូសឲ្យ រដ្ឋាភិបាលហ្វីលីពីផងដែរ៕