(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិកស៊ីក្លូន សេរ៉ូចា (Seroja) នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត បានកើនដល់១៥៧នាក់ហើយ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឱ្យដឹងថាអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ១៣០នាក់។ ដោយឡែកសម្រាប់ប្រទេសទីម័រខាងកើត វិញ មនុស្សសរុប ២៧នាក់បានបាត់បង់ជីវិត។ គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) នៃប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងតាមស្វែងរកមនុស្សច្រើនជាង៧០នាក់ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ខណៈមនុស្សច្រើនជាង ១០,០០០នាក់កំពុងស្នាក់ក្នុងជំរំស្នាក់នៅបណ្ដោះអាសន្ន៕