(ប៉េកាំង)៖ កាលពីពេលថ្មីៗនេះ បេសកកម្មធានវិន-១ (Tianwen-1) របស់ប្រទេសចិន ទើបតែបានផ្តិតយករូបភាពយ៉ាងអស្ចារ្យពីរសន្លឹកនៃភពអង្គារ (Mars) ខណៈនៅសល់ពេលត្រឹម ១-២ខែទៀតប៉ុណ្ណោះ វានឹងទម្លាក់យាន Rover ដើម្បីចុះចតនៅលើផ្ទៃភពក្រហមនោះហើយ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Live Science នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
បេសកកម្ម Tianwen-1 បានផ្តិតយករូបភាពទាំងនោះ នៅទីតាំងពីរខុសគ្នានៃភពអង្គារ គឺមួយនៅអឌ្ឍគោលខាងត្បូង និងមួយទៀតនៅអឌ្ឍគោលខាងជើងរបស់វា ដោយ Tianwen-1 បានគោចរនៅចម្ងាយជាង ១ម៉ឺនគីឡូម៉ែត្រពីភពអង្គារ។ ការផ្តិតយករូបភាពនៃអឌ្ឍគោលខាងត្បូងរបស់ភពអង្គារ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា រីឯការផ្តិតយករូបភាពនៃអឌ្ឍគោលខាងជើង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា។
គួរបញ្ជាក់ថា បច្ចុប្បន្នផ្កាយរណបនៃបេសកកម្ម Tianwen-1 កំពុងធ្វើដំណើរលើគន្លងមួយជុំវិញភពអង្គារ ដែលអាចនាំវាទៅក្បែរភពនោះបំផុត ក្នុងរយៈកម្ពស់ត្រឹម ២៨០គីឡូម៉ែត្រពីផ្ទៃភពអង្គារ និងឆ្ងាយបំផុតចម្ងាយជិត ៦ម៉ឺនគីឡូម៉ែត្រ។ គន្លងគោចរនេះអនុញ្ញាតឲ្យ Tianwen-1 ហោះឆ្លងកាត់ទីតាំងចុះចតរបស់វា ដើម្បីពិនិត្យមើលជាមុន។ បើតាមទីភ្នាក់ងារអវកាសចិន Tianwen-1 នឹងបញ្ជូនគ្រឿងយន្តចល័ត (Rover) ឲ្យទៅចុះចតលើផ្ទៃភពអង្គារ នៅខ្ទង់ខែឧសភា-មិថុនា ខាងមុខនេះ។
បេសកកម្ម Tianwen-1 ដែលជាបេសកកម្មធ្វើដំណើរឆ្ពោះទៅកាន់ភពដទៃ ដំបូងបំផុតរបសប្រទេសចិន បានទៅដល់ក្បែរភពអង្គារកាលពីថ្ងៃទី១០ ខែកុម្ភៈ គឺមួយថ្ងៃក្រោយបេសកកម្ម អាម៉ាល់ ឬ Hope របស់អេមីរ៉ាត់អារ៉ាប់រួម និងមួយសប្តាហ៍មុនបេសកកម្ម ភើសេវើរិនស៍ (Perseverance) របស់អាមេរិក។ សម្រាប់បេសកកម្ម Hope គឺមានតែផ្កាយរណបមួយគ្រឿង សម្រាប់ហោះគោចរជុំវិញភពអង្គារប៉ុណ្ណោះ បេសកកម្ម Perseverance បានបញ្ជូនគ្រឿងយន្តចល័ត ឲ្យទៅចុះចតលើផ្ទៃភពក្រហមនោះ ដោយជោគជ័យរួចហើយ៕