(ស៉ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ជាង៣លានដូស ដែលត្រូវបានសន្យានាពេលកន្លងមកនោះទេ ដោយសារតែការរឹតត្បិតការនាំចេញដោយសហភាពអឺរ៉ុប ដែលប្រការកំពុងបង្កបញ្ហាដ៏ធំមួយ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ អូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរអូស្រ្តាលី ធ្លាប់បានប្តេជ្ញាថា នឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូសជូនប្រជាជនឲ្យបាន យ៉ាងហោចណាស់ ០៤លានដូស នៅត្រឹមចុងខែមីនា ប៉ុន្តែទីបំផុតអាចចាក់បានត្រឹមតែ ៦៧០,០០០ដូសប៉ុណ្ណោះ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានរារាំងការនាំចេញវ៉ាក់សាំង AstraZeneca មកកាន់អូស្រ្តាលី ដោយសារក្រុមហ៊ុន AstraZeneca មិនអាចបំពេញការផ្គត់ផ្គង់ដល់អឺរ៉ុប តាមការសន្យាបាន។
ប្រធានវេជ្ជសាស្រ្តស្តីទីរបស់អូស្រ្តាលី លោក Michael Kidd បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Sky News ថា «យើងគ្រោងនឹងទទួលបានវ៉ាក់សាំង AstraZeneca ជាង ៣លានដូសពីប្រទេសក្រៅ នាពេលនេះ ប៉ុន្តែវាមិនទាន់បានមកដល់អូស្រ្តាលីនៅឡើយទេ ដោយសារតែមានបញ្ហាជាមួយនឹងការដឹកជញ្ជូន ដែលយើងបានឃើញកំពុងកើតឡើងនៅទីនេះ និងនៅតំបន់ផ្សេងទៀតនៃពិភពលោក»។
គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី បានចាប់ផ្តើមចាក់វ៉ាក់សាំងយឺតជាង បណ្តាប្រទេសមួយចំនួនទៀត ដោយសារតែករណីឆ្លងមានចំនួនទាប ដែលមានតិចជាង ២៩,៤០០ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៩នាក់ គិតចាប់តាំងពីមានការឆ្លងរាតត្បាតនៃ COVID-19 បានចាប់ផ្តើម។ បញ្ហាខ្វះខាតវ៉ាក់សាំង AstraZeneca នេះ កំពុងធ្វើឲ្យអូស្រ្តាលីជួបផលលំបាក ក្នុងការបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសខ្លួន៕