(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកស្រីនឹងចាប់ផ្តើមអនុវត្ត គោលការណ៍ស្តីពីការធ្វើដំណើរទៅមក ដោយពុំចាំបាច់តម្រូវឲ្យមានចត្តាឡីស័ក ឬហោថា Travel Bubble ជាមួយប្រទេសអូស្រ្តាលី ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
លោកស្រី Ardern បានប្រាប់ថា ការអនុវត្តគោលការណ៍ធ្វើដំណើរខាងលើ ជាមួយអូស្រ្តាលី នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា។ ក្រៅពីប្រទេសទាំងពីរ ប្រទេសជិតខាងផ្សេងៗទៀត ក៏បានរៀបចំផែនការស្រដៀងគ្នាផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនូវែលសេឡង់- អូស្រ្តាលីនេះ គឺស្ថិតក្នុងចំណោមដំបូងគេ ដែលពុំមានពាក់ព័ន្ធការធ្វើតេស្ត COVID-19 ឡើយ។ ការសម្រេចអនុវត្តគោលការណ៍ធ្វើដំណើរនេះ កើតឡើងទៅបានបន្ទាប់ពី COVID-19 ត្រូវគ្រប់គ្រងបានដោយប្រសិទ្ធភាព នៅក្នុងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា យោងតាមស្ថិតិឆ្នាំ២០១៨ ជនជាតិនូវែលសេឡង់ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី មានចំនួន៥៦៨,០០០នាក់ គឺស្មើនឹង ២.៣ភាគរយនៃចំនួនប្រជាជនអូស្រ្តាលីសរុប ហើយជាសហគមន៍ជនចំណាកស្រុក ធំជាងគេលំដាប់ទី០៤ របស់ប្រទេសអូស្រ្តាលី។ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ១៨ពាន់លានដុល្លារ ដែលធ្វើឲ្យអូស្រ្តាលីជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ នូវែលសេឡង់៕