(ប៉េកាំង)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាកាសធាតុរបស់មេដឹកនាំ តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង ហើយថ្លែងសុន្ទរកថាគន្លឹះ។
លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថា ស្ថិតនៅចំពោះនឹងបញ្ហាប្រឈម នៃការធ្វើអភិបាលកិច្ចបរិស្ថានទូទាំងពិភពលោក ដែលមិនធ្លាប់មាន សហគមន៍អន្តរជាតិត្រូវរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិនិងធម្មជាតិ ដោយមហិច្ឆតានិងប្រតិបត្តិការដែលមិនធ្លាប់មាន។
ធម្មជាតិបានចិញ្ចឹមបីបាច់មនុស្សជាតិ ដូច្នេះមនុស្សជាតិគួរតែគោរពធម្មជាតិ និងធ្វើឱ្យសមស្របទៅនឹងធម្មជាតិ ក៏ដូចជាអភិរក្សធម្មជាតិ។ យើងគួរតែអភិរក្សធម្មជាតិនិងអេកូបរិស្ថាន ដូចជាថែរក្សាកែវភ្នែករបស់យើង ដើម្បីជំរុញឱ្យបង្កើតនិម្មាបនកម្មថ្មី ដែលមនុស្សជាតិនិងធម្មជាតិរួមរស់ ដោយចុះសម្រុងគ្នា។
លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថា ប្រទេសចិនស្វាគមន៍សហរដ្ឋអាមេរិក វិលត្រឡប់មកក្នុងដំណើរការ អភិបាលកិច្ចអាកាសធាតុពហុភាគី។ ប្រទេសចិននិងសហរដ្ឋអាមេរិក ទើបតែបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ។ ប្រទេសចិនរំពឹងថានឹងរួមសហការ ជាមួយសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ខិតខំដើម្បីជំរុញអភិបាលកិច្ចបរិស្ថាន នៅទូទាំងពិភពលោក។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា ទឹកស្អាតនិងភ្នំបៃតងគឺសំខាន់បំផុត។ ការការពារអេកូបរិស្ថានគឺមានន័យថា ការពារកម្លាំងផលិតកម្ម។ ការកែលំអអេកូបរិស្ថានគឺមានន័យថា អភិវឌ្ឍកម្លាំងផលិតកម្ម។ យើងត្រូវធ្វើឱ្យអេកូបរិស្ថានដ៏ល្អប្រសើរ ក្លាយជាមូលដ្ឋានទ្រទ្រង់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិភពលោកប្រកបដោយចីរភាព។
លោកស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ការកសាងសហគមន៍រួមវាសនា រវាងមនុស្សជាតិនិងធម្មជាតិ យើងត្រូវតែប្រកាន់ខ្ជាប់ នូវការរួមរស់នៅប្រកបដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបៃតង ការធ្វើអភិបាលកិច្ចជាប្រព័ន្ធ និងការតម្កល់មនុស្សជាអាទិភាព ប្រកាន់ខ្ជាប់នូទំវពហុភាគីនិយម ក៏ដូចជាប្រកាន់ខ្ជាប់ នូវគោលការណ៍ទំនួលខុសរួមគ្នា ដែលមានការខុសគ្នា។
លោក ស៊ី បានគូសបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវជួយប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យលើកកម្ពស់សមត្ថភាពទប់ទល់នឹង បម្រែបម្រួលអាកាសធាតុយ៉ាងជាក់ស្តែង ផ្តល់ការគាំទ្រក្នុងវិស័យដូចជាមូលធន បច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពជាដើម។ យើងត្រូវប្រកាន់ខ្ជាប់ការចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ចាត់ទុកភាពយុត្តិធម៌ជាកម្មវត្ថុ អនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។ ត្រូវចាប់ដៃសហប្រតិបត្តិការគ្នា កុំរិះគន់គ្នាទៅវិញទៅមក ត្រូវប្រកាន់ខ្ជាប់នូវការដែលបានគ្រោងទុកហើយ កុំកែតាមទំនើងចិត្ត ត្រូវគោរពតាមកិច្ចសន្យា កុំចេះតែសន្យាតែមិនអនុវត្តតាម។
លោក ស៊ី ជីនភីង បានចង្អុលជាចុងក្រោយថា ប្រទេសចិននឹងចាត់ទុក កិច្ចសហប្រតិបត្តិការលើវិស័យអារ្យធម៌អេកូឡូស៊ី ជាខ្លឹមសារសំខាន់នៃការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ ដោយបានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីសកម្មភាពបៃតងមួយចំនួន ហើយចាត់វិធានការណ៍មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង ធ្វើដំណើរបែបបៃតង និងហិរញ្ញវត្ថុបៃតង ដើម្បីបន្តផ្តល់ផលអត្ថប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងអស់ ដែលចូលរួមក្នុងការរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ។ ប្រទេសចិនអនុវត្តយ៉ាងរឹងមាំ នូវពហុភាគីនិយម និងខិតខំជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចបរិស្ថានពិភពលោក ដែលមានភាពយុត្តិធម៌ សមហេតុផល សហប្រតិត្តិការនិងឈ្នះឈ្នះ៕