(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៧,០៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៩៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៦៦៩,១២១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨៤,២២៦នាក់ និងជាសះស្បើយឡើងសរុប ២៥,២៣៦,៦៥៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
ឆ្លើយតបទៅនឹងសំនួរថា អាមេរិកបានចាក់វ៉ាក់សាំងជាច្រើនរួចមកហើយ ប៉ុន្តែតើហេតុអ្វីបានជាចំនួនករណីឆ្លងប្រចាំថ្ងៃ នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល? អ្នកជំនាញអាមេរិកមួយរូបគឺបណ្ឌិត រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) មកពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) បានឆ្លើយតបថា មនុស្សវ័យក្មេងនៅតាមរដ្ឋជាច្រើន មិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅឡើយទេ ហើយករណីឆ្លងភាគច្រើន បានកើតឡើងទៅលើពួកគេទាំងនោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២១៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជាង ១៣៣,៤៤៥,០០០នាក់ (ជាង ៤១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ៨៧,៥៩២,០០០នាក់ (ជិត ២៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)៕