(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (WHO) បានបញ្ជាក់ថា វាស្រេចតែទៅលើរដ្ឋជាសមាជិកទាំង១៩៤ របស់ WHO ដែលជាអ្នកត្រូវសម្រេច ថាតើគួរអញ្ជើញតៃវ៉ាន់ឲ្យចូលរួម ក្នុងមហាសន្និបាតសុខភាពពិភបលោក ដែរឬយ៉ាងណានោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមអង្គការ WHO ការផ្តល់ឋានៈជារដ្ឋសង្កេតការណ៍ដល់តៃវ៉ាន់ នៅឯមហាសន្និបាតសុខភាពពិភពលោក គឺជារឿងសម្រាប់ឲ្យរដ្ឋជាសមាជិកទាំង១៩៤ របស់ WHO ត្រូវពិចារណានិងសម្រេច។ មហាសន្និបាតសុខភាពពិភពលោក អាចអញ្ជើញភាគីដែលមិនមែនជាសមាជិក ឲ្យចូលរួមសង្កេតការណ៍បាន តាមរយៈដំណោះស្រាយឬសេចក្តីសម្រេច ដែលអនុម័តដោយសំឡេងភាគច្រើន នៃសមាជិកទាំង១៩៤ របស់ WHO។

គួរបញ្ជាក់ថា មហាសន្និបាតសុខភាពពិភពលោក ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា។ នៅថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាមស្នើឲ្យ អគ្គនាយក WHO អញ្ជើញតៃវ៉ាន់ឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ដោយឡែក ទីក្រុងប៉េកាំង តែងតែសម្តែងការជំទាស់យ៉ាងម៉ឹងម៉ាត់ ចំពោះការប៉ុនប៉ងផ្តល់ឋានៈជា រដ្ឋសង្កេតការណ៍ដល់កោះតៃវ៉ាន់នៅ WHO ជាមួយហេតុផលថា វាគឺជាការលោភលើ «គោលនយោបាយចិនតៃមួយ»៕