(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានឱ្យដឹងថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយប្រទេសឥណ្ឌាត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៤៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។
បើតាមអង្គការ WHO វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលគេជឿជាក់ថាមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង ៤,៥០០សំណាក នៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់ WHO នៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញជាច្រើនជឿថាវីរុសបំប្លែងខ្លួនថ្មី B.1.617 គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេស ឥណ្ឌា និងមានភាពកាចសាហាវ ក៏ដូចជាចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា។ ក្រៅពីវីរុសបំប្លែងខ្លួនថ្មីនេះ វីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅចក្រភពអង់គ្លេស, ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងក៏ត្រូវបានគេអះអាងថាមានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ៕