(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានអង្រួនខេត្តស៊ូម៉ាត្រាខាងជើង ដែលស្ថិតនៅតំបន់ភាគខាងលិចឥណ្ឌូណេស៉ី ប៉ុន្តែពុំបានបង្កឲ្យមានការប្រកាសអាសន្ន ពីរលកយក្សឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

ហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅវេលាម៉ោង ០១៖៣៣នាទីរសៀលថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់នៅឥណ្ឌូណេស៉ី) ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ១៤១គីឡូម៉ែត្រ ពីភាគនិរតីស្រុក Nias Barat នៃខេត្តស៊ូម៉ាត្រាខាងជើង ហើយមានជម្រៅជិត ២០គីឡូម៉ែត្រទៅក្រោមបាតសមុទ្រ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជំនាញឥណ្ឌូណេស៉ី គ្រោះរញ្ជួយដីនេះ ទោះមានកម្រិតធ្ងន់គួរសមក៏ដោយ មិនបានបង្កឲ្យមានការប្រកាសអាសន្ន ពីរលកស៊ូណាមិនោះទេ។ ក្រៅពីខេត្តស៊ូម៉ាត្រាខាងជើង វាក៏បានជះឥទ្ធិពលនៃភាពរំញ័រទៅដល់ខេត្តអាសេ ដែលនៅជាប់គ្នាផងដែរ ខណៈពុំមានសេចក្តីរាយការណ៍ ពីការខូចខាតធ្ងន់ធ្ងរ ឬមនុស្សរងគ្រោះថ្នាក់ ដោយសារបាតុភូតរញ្ជួយដីនេះឡើយ៕