(ហុងកុង)៖ គម្រោងដាក់ដំណើរការ កម្មវិធីធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬហៅថា Travel Bubble រវាងហុងកុងនិងសិង្ហបុរី ប្រហែលជាមិនទាន់អាចចាប់ផ្តើម តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែឧសភា ឡើយ ដោយសំអាងលើកំណើននៃករណីឆ្លងជំងឺ COVID-19 នៅឯខាងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។
សិង្ហបុរីបានប្រាប់ខាងហុងកុងថា គម្រោងដំណើរការកម្មវិធី Travel Bubble រវាងភាគីទាំងពីរ មានលទ្ធភាពខ្ពស់នឹងមិនអាចកើតឡើងទៅបាន នៅថ្ងៃទី២៦ ខែឧសភា ក្រោមយន្តការដែលបានព្រមព្រៀងគ្នា ដ្បិតមួយរយៈចុងក្រោយនេះ សិង្ហបុរីបាននិងកំពុងមើលឃើញ ការកើនឡើងគួរឲ្យបារម្ភនៃករណីឆ្លង COVID-19 នៅក្នុងសហគមន៍។ យ៉ាងណាក្តី នៅសប្តាហ៍ក្រោយ ការសម្រេចចិត្តក៏ដូចជាសេចក្តីប្រកាសផ្លូវការ អំពីកម្មវិធីនេះនឹងត្រូវធ្វើឡើង។
គួរបញ្ជាក់ថា គម្រោងកម្មវិធី Travel Bubble រវាងហុងកុងនិងសិង្ហបុរី ដំបូងឡើយ ត្រូវបានគ្រោងនឹងដាក់ឲ្យដំណើរការ តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារនៅពេលនោះ COVID-19 បានផ្ទុះរាលដាលគួរឲ្យបារម្ភនៅហុងកុង។ ដល់ឥឡូវនេះ គឺសិង្ហបុរីវិញម្តង ដែលជួបការឆ្លងរីករាលដាល បន្ទាប់ពីភាគីទាំងពីរបានប្រកាសកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅថា នឹងចាប់ផ្តើមវា នៅថ្ងៃទី២៦ ខែឧសភា។ នៅថ្ងៃសុក្រនេះ សិង្ហបុរីបានបន្តរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗ ក្នុងសហគមន៍ចំនួន២៤ករណី ខណៈហុងកុង មានតែករណីឆ្លងនាំចូល ០១ករណីប៉ុណ្ណោះ៕