(គួឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីអាចនឹងមើលឃើញករណីឆ្លងកូវីដ-១៩ លើស ៨,០០០ករណីក្នុងមួយថ្ងៃនៅខែមិថុនា ប្រសិនបើសាធារណៈជនខកខានមិនបានគោរពតាមបទប្បញ្ញត្តិ នៃការគ្រប់គ្រងជំងឺប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។
យោងតាមគំរូទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលត្រូវបានគេព្យាករណ៍ថា ករណីឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើងយ៉ាងខ្លាំង ប្រសិនបើប្រជាជនមិនគោរពតាមនីតិវិធីប្រតិបត្តិការស្តង់ដារ ដែលមានចែងក្នុងបទបញ្ជាគ្រប់គ្រងការធ្វើដំណើរទេនោះ។
បច្ចុប្បន្នម៉ាឡេស៊ីកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសជាលើកទី៣ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការឆ្លងរាលដាលកូវីដ-១៩។
នៅថ្ងៃសុក្រនេះ ម៉ាឡេស៊ីបានរាយការណ៍ករណីថ្មីចំនួន ៤,១១៣ករណី ក្នុងនោះមានតែ ១ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះគឺករណីឆ្លងសហគមន៍ទាំងអស់។ ជាសរុប ករណីឆ្លងនៅទូទាំងប្រទេសកើនដល់ ៤៦២,១៩០ករណី៕