(ប៉ារីស)៖ យុវជនបារាំងបានប្រញាប់ប្រញាលនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដើម្បីអាចបានដើរលេងកម្សាន្តនៅរដូវកាលវិស្សមកាលរដូវក្ដៅនេះ បន្ទាប់ពីស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំងមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។
ការស្ទង់មតិជាច្រើននាពេលកន្លងមក បានបង្ហាញថាប្រជាជនបារាំង ជាពិសេសគឺយុវជនមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយសារតែពួកគេបារម្ភពីផលប៉ះពាល់ដ៏កម្រ នៅក្រោយពេលចាក់វ៉ាក់សាំង ដែលនេះបានធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសបារាំងយឺតយ៉ាវជាងគេ បើធៀបទៅនឹងប្រទេសផ្សេងក្នុងតំបន់អឺរ៉ុប។ លោក ក្លេម៉ង់ ប៉ូស្កូ (Clement Bosko) មានអាយុ៣១ឆ្នាំ និងធ្វើការជាអ្នកថែទាំរថភ្លើងបានចុះឈ្មោះចាក់វ៉ាក់សាំងដើម្បីអាចបានដើរកម្សាន្តនារដូវកាលវិស្សមកាល។
ថ្លែងបា្រប់អ្នកសារព័ត៌មានក្រោយចាក់វ៉ាក់សាំងក្នុងទីក្រុងប៉ារីស នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ក្លេម៉ង់ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ទៅដើរលេងវិស្សមកាលនារដូវក្ដៅនេះ ដូច្នេះខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំនឹងទៅចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសបារាំងបានផ្ដោតជាសំខាន់លើមនុស្សមានអាយុ ៥០ឆ្នាំឡើង ឬអ្នកដែលមានសុខភាពទន់ខ្សោយ។ ប៉ុន្តែ នៅសប្ដាហ៍នេះ អាជ្ញាធរបារាំងបានប្ដូរចិត្តដោយអនុញ្ញាតឱ្យអ្នកមានអាយុ ១៨ឆ្នាំឡើងចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង៕