(ប៉េកាំង)៖ ខេត្តចំនួន០២នៅភាគឦសាន និងភាគខាងកើតនៃប្រទេសចិន បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងគ្រប់គ្រងស្ថានការណ៍ COVID-19 ក្រោយករណីឆ្លងថ្មីៗ ត្រូវបានរកឃើញជាបន្តបន្ទាប់ ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
នៅថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 កាលពីថ្ងៃអាទិត្យម្សិលមិញចំនួន ២៥នាក់។ ក្នុងនោះ០៥ករណី ជាករណីឆ្លងនៅក្នុងសហគមន៍ ដោយ០៣ករណី ត្រូវបានរាយការណ៍ចេញពីខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន និង០២ករណីនៅខេត្តអានហ៊ុយ (Anhui) ដែលនៅភាគខាងកើត។
ឆ្លើយតបចំពោះការរកឃើញករណីឆ្លងថ្មីៗបែបនេះ រដ្ឋាភិបាលចិនបានចាត់បញ្ជូនក្រុមការងារជំនាញ ឲ្យទៅដឹកនាំកិច្ចប្រឹងប្រែងគ្រប់គ្រង ស្ថានការណ៍ COVID-19 នៅក្នុងខេត្តទាំងពីរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មិន ចិនបានរកឃើញករណីឆ្លង ក្នុងសហគមន៍ជាលើកដំបូងឡើងវិញ ក្រោយមិនមានរយៈពេលជា០៣សប្តាហ៍ លើបុគ្គលម្នាក់ដែលបានធ្វើដំណើរពីខេត្តអានហ៊ុយ ទៅកាន់ខេត្តលាវនីង។
គួរបញ្ជាក់ថា ចាប់តាំងពីពេលនោះ មកដល់ថ្ងៃអាទិត្យម្សិលមិញ ខេត្តអានហ៊ុយ បានរកឃើញករណីឆ្លងក្នុងសហគមន៍សរុប០៧ករណី ហើយខេត្តលាវនីង បានរកឃើញសរុប០៩ករណី។ សម្រាប់តួលេខករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសចិនវិញ គឺមានចំនួន ៩០,៨៧២នាក់ ហើយតួលេខអ្នកស្លាប់នៅរក្សាដដែលគឺ ៤,៦៣៦នាក់៕