(វ៉ាស៊ីនតោន)៖ នៅពេលប្រទេសប៉ារ៉ែន, ម៉ារ៉ុក, ស៊ូដង់ ជាពិសេសអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយអ៉ីស្រាអែល កាលពីឆ្នាំ២០២០ ក្រោមការសម្របសម្រួលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពួកគេបានអះអាងថាកិច្ចព្រមព្រៀងនេះនឹងជួយបន្ធូរបន្ថយ ជម្លោះរវាងអារ៉ាប់ និងប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ៩ខែក្រោយមក ប្រទេសអារ៉ាប់ទាំងនេះខ្លួនឯងបែរជាធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ខណៈមិត្តថ្មីរបស់ខ្លួនគឺអ៉ីស្រាអែល កំពុងវាយប្រហារយ៉ាងសន្ធាប់លើតំបន់ហ្គាហ្សា (Gaza) ដែនដីប៉ាឡេស្ទីន។
យន្ដហោះចម្បាំង និងកងកម្លាំងភ្លើងធំរបស់អ៉ីស្រាអែលកាន់តែបង្កើនការបាញ់មីស៊ីលលើតំបន់ហ្គាហ្សា រីឯក្រុមហាម៉ាស់នៅតែបាញ់គ្រាប់រ៉ុក្កែតចូលក្នុងទឹកដី អ៉ីស្រាអែល។ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែឧសភាម្សិលមិញ ចំនួនអ្នកស្លាប់ក្នុងតំបន់ហ្គាហ្សាបានកើនដល់១៩២នាក់ ក្នុងនោះមាន ៩២នាក់ជាស្ត្រី និងកុមារ ហើយ ជាង១២,០០នាក់រងរបួស។ ចំណែកឯ ខាងភាគីអ៉ីស្រាអែលវិញក៏បានអះអាងដែរថាមនុស្ស ១០នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់។
ជម្លោះដ៏ក្ដៅគគុកនេះ បាន និងកំពុងធ្វើឱ្យប្រទេសអារ៉ាប់ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក្រោមកិច្ចព្រមព្រៀង Abraham Accords រងសម្ពាធ យ៉ាងខ្លាំង។ បណ្ដាប្រទេសទាំងនេះបានចេញមុខថ្កោលទោសអ៉ីស្រាអែល ប៉ុន្តែមិនមានការចាត់វិធានការឆ្លើយតបអ្វីជាដុំកំភួននោះទេ ស្របពេលនាយករដ្ឋមន្ត្រី អ៉ីស្រាអែល លោក Benjamin Netanyahu ច្រានចោលរាល់បទឈប់បាញ់ស្នើឡើងដោយអន្តរជាតិ ហើយថែមទាំងព្រមានទៀតផងថានឹងបន្តបើកការវាយប្រហារ យ៉ាងចាស់ដៃលើក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា។
គោលជំហររបស់បណ្ដាប្រទេសអារ៉ាប់ មុនមានការចុះកិច្ចព្រមព្រៀង Abraham Accords នោះគឺថាពួកគេនឹងទទួលស្គាល់អ៉ីស្រាអែល ដារាបណាមានសន្តិភាព ពេញលេញរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាងវិញទៀត មុនចុះកិច្ចព្រមព្រៀង ប៉ារ៉ែន, ម៉ារ៉ុក, ស៊ូដង់ ជាពិសេសអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែបានអះអាងដូចគ្នាថា អ្វីៗដែលពួកគេធ្វើគឺដើម្បីបុព្វហេតុប៉ាឡេស្ទីន ដិ្បតតាមរយៈកិច្ចព្រមព្រៀងនេះវាអនុញ្ញាតឱ្យពួកគេអាចមានទឹកមាត់ប្រៃបញ្ចុះបញ្ចូលអ៉ីស្រាអែល។ ប៉ុន្តែក្រុមអ្នករិះគន់ និងប្រជាជនប៉ាឡេស្ទីនចាត់ទុកថានេះជាទង្វើក្បត់លួចចាក់ពួកគេពីក្រោយខ្នង។
តាមការពិតទៅ ជាលក្ខណៈបច្ចេកទេស កិច្ចព្រមព្រៀង Abraham Accords មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ ដោយវាគ្រាន់តែជាកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររវាង ប្រទេសជាហត្ថលេខីប៉ុណ្ណោះ។ បើតាមក្រុមជំនាញ ប្រទេសអារ៉ាប់ទាំងនោះមិនចង់ត្រឹមតែភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយអ៉ីស្រាអែលប៉ុណ្ណោះទេ តែអ្វី ដែលពួកគេចង់បានពីកិច្ចព្រមព្រៀងនេះគឺកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច, សន្តិសុខ និងការចែករំលែកព័ត៌មានសម្ងាត់ដែលអាចឱ្យពួកគេប្រឆាំងនឹងការពង្រីក ឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិបូព៌ា។
*តើរាត្រីទឹកឃ្មុំនឹងត្រូវបំផ្លាញឬ?
ប្រទេសអារ៉ាប់ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលបានដឹងយ៉ាងច្បាស់ពីផលចំណេញដែលទទួលបានពីកិច្ចព្រមព្រៀង Abraham Accords ដូចជា បច្ចេកវិទ្យា, សន្តិសុខ និងការចែករំលែកព័ត៌មានសម្ងាត់នានា។ ជាក់ស្ដែងគ្រាន់តែចុះកិច្ចព្រមព្រៀងសន្តិភាពនេះភា្លម អេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាប្រទេសអារ៉ាប់ ដំបូងគេដែលអាចបញ្ជាទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក។
តែនេះមិនមែនមានន័យថាប្រទេសអារ៉ាប់ ដូចជាអេមីរ៉ាត់អារ៉ាប់រួមនៅតែល្អូកល្អើនជាជំហរជាមួយប្រទេសដែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីននោះទេពីព្រោះថា វាអាចនឹងបង្កភាពចលាចល ឬបាតុកម្មពីសំណាក់ប្រជាជននៅក្នុងស្រុក។ ឬអាចនិយាយម្យ៉ាងទៀតបានថាទំនាក់ទំនងផ្អែមល្ហែមនេះអាចនឹងឋិតឋេរយ៉ូរប៉ុណ្ណា គឺវាអាស្រ័យទៅលើថាតើជម្លោះបច្ចុប្បន្នរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលអូសបន្លាយយូរដល់ពេលណាដែរ? ហើយថាតើប្រជាជនប៉ាឡេស្ទីនប៉ុន្មាននាក់ត្រូវស្លាប់?
លោក Michael Stephens, ជាអ្នកជំនាញម្នាក់មកពីវិទ្យាសា្ថន Royal United Services មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានគូសបញ្ជាក់ដូច្នេះថា ៖ « វាប្រហែលជាមិនអាចទៅរួចឡើយដែលអេមីរ៉ាតអារ៉ាប់រួមនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង Abraham Accords។ ប៉ុន្តែទំនាក់ទំនងអាចនឹងជាប់គាំងរហូតទាល់តែ ស្ថានការណ៍ស្ងប់ស្ងាត់ ឬមានន័យថាពួកគេនឹងនៅតែបន្តទាក់ទងគ្នាជាលក្ខណៈឯកជន ដូចដែលធ្លាប់ធ្វើរយៈពេលជាច្រើនឆ្នាំមកនេះ»។
គួរបញ្ជាក់ថា តាមការពិតទៅ បណ្ដាប្រទេសអារ៉ាប់ភាគច្រើនសុទ្ធតែចាត់ទុកក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សាជាសត្រូវ និងជាក្រុមភេរវករ ឬអាចនិយាយបានថាពួកគេ និងអ៉ីស្រាអែលមាន «សត្រូវរួម» ដោយសារតែហាម៉ាស់មានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់។ ម្លោះហើយពួកគេក៏ពេញចិត្តផងដែរទៅនឹងការវាយប្រហាររបស់ អ៉ីស្រាអែលលើក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា ទាស់នៅត្រង់ថាពួកគេមិនចង់ឃើញជនស៊ីវិលស្លាប់តែប៉ុណ្ណោះ។ សង្រ្គាមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ធ្លាប់ផ្ទុះឡើងជាច្រើនលើករួចហើយដូចជាកាលពីឆ្នាំ២០០៦, ២០០៨-២០០៩, ឆ្នាំ២០១២ និងឆ្នាំ២០១៤៕
ប្រភព៖ Financial Times (ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១)