(ញូយ៉ក)៖ ការបោះឆ្នោតរបស់សមាជិកទាំង១៩៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះលើសេចក្ដីព្រាងដំណោះស្រាយមួយ ដែលអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់ លក់ ឬផ្ទេរអាវុធទាំងដោយផ្ទាល់ និងប្រយោលដល់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានលើកពេលដោយមិនមានការ បញ្ជាក់ពីកាលបរិច្ឆេទថ្មីឡើយ។ នេះបើតាមប្រភពការទូត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីថ្ងៃចន្ទថាមហាសន្និបាតនឹងត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ។ ភ្លាមៗមិនទាន់មាន ការបញ្ជាក់ថាតើការបោះឆ្នោត ឬកិច្ចប្រជុំនឹងត្រូវរៀបចំឡើងជាថ្មីនៅពេលណានោះទេ ខណៈប្រភពការទូតមួយចំនួនអះអាងថាការលើកពេលនេះគឺ ដោយសារចង់ប្រមូលបានការគំាទ្រកាន់តែច្រើន។

គួរបញ្ជាក់ថា ការលើកពេលបោះឆ្នោតលើសេចក្ដីព្រាងដំណោះស្រាយខាងលើ កើតមានឡើងចំពេលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា កាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា។ សេចក្ដីព្រាងដំណោះស្រាយនេះក៏បានអំពាវនាវផងដែរឱ្យយោធាមីយ៉ាន់ម៉ា បិទបញ្ចប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន, បញ្ឈប់រាល់អំពើហិង្សាប្រឆាំងក្រុមបាតុករ, ដោះលែងអ្នកទោសនយោបាយ និងគោរពឆន្ទៈរបស់ប្រជាជនតាមរយៈលទ្ធផល នៃការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ តែដំណោះស្រាយរបស់មហាសន្និបាតមិនមានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមដូចដំណោះស្រាយដែល អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ៕