(វ៉ាស៉ីនតោន)៖ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅក្នុងដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូងរបស់លោកស្រី ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក កំពុងសម្លឹងរកមើលទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅ ជាមួយប្រទេសហ្គាតេម៉ាឡា (Guatemela) និងប្រទេសមិចស៉ីកូ (Mexico) ដែលជាគន្លឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីទប់ស្កាត់ការកើនឡើងជនចំណាកស្រុក មកកាន់នៅព្រំដែនសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
លោកស្រី Kamala Harris ដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការពន្យារពេល បណ្តាលមកពីបញ្ហាបច្ចេកទេសលើយន្តហោះ Air Force Two កំពុងស្វែងរកការប្តេជ្ញាចិត្ត សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង លើសន្តិសុខតាមព្រំដែន និងការវិនិយោគសេដ្ឋកិច្ច ប៉ុន្តែអំពើពុករលួយនៅក្នុងតំបន់អាមេរិកឡាទីន គឺត្រូវបានចាត់ទុកជាបញ្ហាប្រឈមមួយ ដែលពិបាកគ្រប់គ្រង និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី កាន់តែមានភាពស្មុគស្មាញ។
បញ្ហាខាងលើនេះបានជះឥទ្ធិពលយ៉ាងខ្លាំងរួចរាល់ហើយ ទៅលើការងាររបស់លោកស្រី នៅក្នុងតំបន់អាមេរិកឡាទីន។ លោកស្រី Kamala Harris មិនទាន់មានទំនាក់ទំនងស៊ីជម្រៅ ជាមួយមេដឹកនាំប្រទេស ហុងឌូរ៉ាស់ និង អ៊ែល សាលវ៉ាដ័រ (Honduras និង El Salvador) ដែលកំពុងជាប់ទាក់ទងនឹងរឿងអាស្រូវពុករលួយនោះទេ ហើយវាជាបញ្ហាប្រឈមមួយ ដែលអ្នកជំនាញក្នុងតំបន់និយាយថា នឹងត្រូវការការដោះស្រាយជាមុនសិន ដើម្បីធ្វើការផ្លាស់ប្តូរស្ថានការណ៍។
លោក ចេសុន ម៉ាកហ្សេក (Jason Marczak) នាយកវិទ្យាស្ថាន អេឌីស អាសត៍ (Adrienne Arsht) នៃក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) បាននិយាយថា «អំពើពុករលួយ គឺជាជំងឺមហារីកមួយនៅក្នុងតំបន់ (អាមេរិកឡាទីន)»។ ការដោះស្រាយអំពើពុករលួយ គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតក្តីសង្ឃឹម និងបង្កើតសក្តានុពលសម្រាប់កលានុវត្តភាព»។
គួរបញ្ជាក់ថា លោកស្រី Kamala Harris បានប្រកាសផែនការបញ្ជូនទឹកប្រាក់ចំនួន ៣១០លានដុល្លារអាមេរិក ដើម្បីផ្តល់ការគាំទ្រដល់ជនភៀសខ្លួន និងដោះស្រាយបញ្ហាកង្វះស្បៀងអាហារ។ ជំនួយទាំងអស់នេះ គឺបានទទួលមកពីការប្តេជ្ញារបស់ក្រុមហ៊ុន និងអង្គការជាច្រើន ដើម្បីវិនិយោគចូលទៅក្នុងបណ្តាប្រទេស ដែលស្ថិតនៅក្នុងតំបន់ត្រីកោណភាគខាងជើង (ហ្គាតេឡេម៉ាណ, ហុងឌូរ៉ាស់ និង អ៊ែល សាលវ៉ាដ័រ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារ៕