(វៀងច័ន្ទ)៖ ប្រទេសឡាវនៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួនតែ ០៥ករណីបន្ថែមទៀតប៉ុណ្ណោះ ដែលវាជាការបង្ហាញសញ្ញា ធ្លាក់ចុះខ្លាំងបន្ថែមទៀត នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

មន្ត្រីនៃនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លងក្រោមក្រសួងសុខាភិបាលឡាវ លោកស្រី ហ្វុនផាសឺដ សាយ៉ាមួងខួន (Phonepaserd Sayamoungkhoun) បានថ្លែងថា ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ១,៩៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៧១៧នាក់។

មន្ត្រីខាងលើនេះបានបញ្ជាក់បន្ថែមថា បើទោះបីជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍ បានបង្ហាញនូវនិន្នាការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រជាជនទាំងអស់ នៅតែត្រូវគោរពតាមយ៉ាងតឹងរ៉ឹងនូវបទបញ្ជាបិទខ្ទប់ ដែលដាក់ចេញដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបានថា វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នេះ អាចមានភាពធូរស្បើយបន្ថែមទៀត ហើយជីវិតយើងទាំងអស់គ្នា អាចវិលមករកសភាពធម្មតាវិញ។

គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញករណីឆ្លង ០២ករណីរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខណៈករណីស្លាប់ជាលើកដំបូងរបស់ខ្លួន ត្រូវបានរាយការណ៍នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១៕