(ញូដេលី)៖ ការសិក្សាបឋមមួយលើវ៉ាក់សាំង COVID-19 ចំនួន ០២ ដែលផលិតនៅក្នុងប្រទេសឥណ្ឌាបានរកឃើញថា វ៉ាក់សាំង ខូវីសៀលដ៍ (Covishield) មានប្រសិទ្ធភាពខ្ពស់ដោយបានផលិតអង់ទីករច្រើនជាងវ៉ាក់សាំង ខូវាកស៊ីន (Covaxin)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
ការសិក្សាបឋមខាងលើមានការចូលរួមពីអ្នកស្ម័គ្រចិត្ត ជាបុគ្គលិកសុខាភិបាលឥណ្ឌា ដែលត្រូវបានបែងចែកជាក្រុម ដើម្បីទទួលការចាក់វ៉ាក់សាំងទាំង ០២ខាងលើ ហើយជាលទ្ធផលវ៉ាក់សាំង Covishield បានផលិតអង់ទីករច្រើនជាងវ៉ាក់សាំង Covaxin ក្រោយការចាក់ដូសទី១។ ការសិក្សានេះដដែលត្រូវបានធ្វើទៅលើ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្តចំនួន ៥៥២នាក់ (ក្នុងនោះមានបុរស ៣២៥នាក់ និងស្រី ២២៧នាក់) ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោតមាន ៤៥៦នាក់ទទួលបាន ការចាក់ដូសទី១ នៃវ៉ាក់សាំង Covishield និង ៩៦នាក់បានទទួលការចាក់វ៉ាក់សាំង Covaxin។
គួរបញ្ជាក់ថា វ៉ាក់សាំង Covishield និងវ៉ាក់សាំង Covaxin សុទ្ធសឹងតែជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសឥណ្ឌា។ Covishield គឺជាវ៉ាក់សាំងអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដែលជាទូទៅគេស្គាល់ថា វ៉ាក់សាំង AstraZeneca ប៉ុន្តែវាត្រូវបានគេហៅថា Covishield នៅក្នុងប្រទេសឥណ្ឌា។ ចំណែកឯ Covaxin ជាវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយក្រុមហ៊ុន ប៉ារ៉ាត់ បាយអូធិច (Bharat Biotech) សហការជាមួយក្រុមប្រឹក្សាស្រាវជា្រវវេជ្ជសាស្ត្រឥណ្ឌា (ICMR)៕