(ប៉េកាំង)៖ សមាជិកសភាចិនកំពុងពិចារណាលើការអនុម័តច្បាប់ថ្មីមួយ ដែលហាមឃាត់ការប្រមាថ ឬបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីយោធា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
សេចក្ដីព្រាងច្បាប់ខាងលើស្ដីពីការពារឋានៈ, សិទ្ធិ និងផលប្រយោជន៍មន្ត្រីយោធា ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៅថ្ងៃចន្ទនេះ ដើម្បីត្រួតពិនិត្យ។ បើតាមសេចក្ដីព្រាងច្បាប់ គ្មានអង្គការ ឬបុគ្គលណាម្នាក់អាចប្រមាថ ឬបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងយោធាបាននោះឡើយ ហើយអ្នកដែលល្មើសនឹងច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីរដ្ឋអាជ្ញា។
គួរបញ្ជាក់ថា បើតាមសេចក្ដីព្រាងច្បាប់ខាងលើ រដ្ឋអាជ្ញាចិនអាចចោទប្រកាន់ ឬដាក់ពាក្យប្ដឹងប្រឆាំងនឹងការប្រមាថ ឬការបង្ខូចកេរ្កិ៍ឈ្មោះព្រមទាំងការពារសិទ្ធិរបស់យោធា ក៏ដូចជាសកម្មភាពដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការបំពេញតួនាទី និងបេសកកម្មរបស់ពួកគេ ដែលបម្រើផលប្រយោជន៍សង្គមជាតិ៕