(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦២,២២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៦៣៣,១០៥ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។

បន្ថែមពីខាងលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៥៤២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៧៩,៥៧៣នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៣៨៨,១០០នាក់បានជាសះស្បើយ។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ឥណ្ឌាសម្រេចបានជិត២៦២លានដូស។

គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី៩ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ខណៈកាលពីខែឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺជាង ៤០០,០០០ករណី។ ប៉ុន្តែទោះបីស្ថានការណ៍ ហាក់បីដូចជាធូរស្បើយបន្តិចក៏ដោយ អត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ នៅតែជាកម្រិតដ៏ខ្ពស់ជាងគេដដែល បើប្រៀបជាមួយប្រទេសផ្សេងៗទៀត៕