(ប្រេស៊ីឡា)៖ អភិបាលរដ្ឋ សៅ ប៉ូឡូ (Sao Paulo) ដែលជារដ្ឋដ៏ធំបំផុតស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកនឹងចូលរួមការបោះឆ្នោត ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធានាធិបតី នៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

អភិបាលរដ្ឋ Sao Paulo លោក ចូអៅ ដូរៀ (Joao Doria) បានធ្វើការប្រកាសដូចខាងលើនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយ គណបក្សសង្គមប្រជាធិបតេយ្យប្រេស៊ីល (PSDB)។ លោក Joao Doria ធ្លាប់ជាសម្ព័ន្ធមិត្តជាមួយលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលជាប្រធានាធិបតីបច្ចុប្បន្ន នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ ការប្រកាសបែបនេះបានធ្វើឲ្យលោក Doria ក្លាយជាគូប្រជែងលោក Bolsonaro ដោយស្វ័យប្រវត្តិ ខណៈប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏ធ្លាប់បានអះអាងរួចមកហើយថា នឹងឈរឈ្មោះសម្រាប់អាណត្តិទីពីរ។ គេត្រូវរង់ចាំដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដឹងថា តើនរណានឹងក្លាយជាបេក្ខជនតំណាងបក្ស PSDB ដើម្បីទៅចូលបោះឆ្នោតប្រធានាធិបតីប្រេស៊ីល នៅក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា សៅ ប៉ូឡូ គឺជារដ្ឋធំបំផុតរបស់ប្រេស៊ីល ដែលមានប្រជាជនរស់នៅប្រមាណ ៤៦លាននាក់ តំណាងឲ្យប្រាក់ចំណូលក្នុងស្រុកសរុប (GDP) ចំនួន ៣៥%។ ប្រទេសប្រេស៊ីលមានប្រជាជនសរុប ២១៤លាននាក់៕