(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១,២៣០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៩១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៧៧,៥៩២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៦,៤៤០នាក់ និងជាសះស្បើយឡើងសរុប ២៨,៦៤១,៤៣៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

នៅក្នុងសប្តាហ៍នេះ សេតវិមានលោក ចូ បៃដិន បានប្រកាសថានឹងបញ្ចប់ការបែងចែក វ៉ាក់សាំងបង្ការ COVID-19 ទាំង ៨០លានដូសផលិតនៅអាមេរិក ហើយចាប់ផ្តើមដឹកទៅកាន់ប្រទេស និងដែនដីជាគោលដៅ នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រទេសទាំងនោះ ត្រៀមលក្ខណៈរួចរាល់ដើម្បីទទួលវា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១៣លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៥.០៥លាននាក់ (៥៣.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៦.៤៥លាននាក់ (៤៤.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕