(ស្ដុកខុល)៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុប បានឱ្យដឹងថាវីរុសបម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) អាចនឹងរ៉ាប់រង ៩០ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ ក្នុងសហភាពអឺរ៉ុបនៅពេលឆាប់ៗ ដែលនេះតម្រូវឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់បង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី Alpha (វីរុសបម្លែងថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស) កំពុងរ៉ាប់រងករណីឆ្លងភាគច្រើន នៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែវីរុសបម្លែងខ្លួនថ្មី Delta នឹងរ៉ាប់រងករណីឆ្លងថ្មីៗ ក្នុងប្លុកមួយនេះជំនួសវិញ។ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា៖ «វាអាចទៅរួចថាវីរុសបម្លែងថ្មី Delta នឹងរ៉ាប់រងករណីឆ្លងថ្មីៗ នៅអំឡុងរដូវក្ដៅនេះ ជាពិសេសនៅក្នុងចំណោមយុវជនដែលមិនទាន់បានចាក់វ៉ាក់សាំង»

គួរបញ្ជាក់ថា វីរុសបម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ត្រូវក្រុមអ្នកជំនាញអះអាងថាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសដទៃ ហើយបើតាមទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុប នៅត្រឹមចុងខែសីហាខាងមុខនេះ វីរុស Delta អាចនឹងរ៉ាប់រងករណីឆ្លង ៩០ភាគរយនៃករណីឆ្លង COVID-19
ថ្មីៗ នៅក្នុងសហភាពអឺរ៉ុប៕