(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា (Jakarta) ឱ្យបានប្រមាណ ៧.៥លាននាក់នៅខែសីហាខាងមុខនេះ ប៉ុន្តែអ្នកជំនាញបាននិយាយថា ភាពស៊ាំជាសហគមន៍ នឹងមិនត្រូវបានផ្ដល់ឱ្យឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក Jokowi បាននិយាយកាលពីថ្ងៃទី១៤ ខែមិថុនាថា «ខ្ញុំបានប្រាប់ទៅអភិបាលក្រុងហ្សាការតារួចហើយថា នៅចុងខែសីហាខាងមុខនេះ គោលដៅរបស់យើង គឺធ្វើយ៉ាងណាត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងហ្សាការតា ឱ្យបានប្រមាណ ៧.៥លាននាក់»

លោក Jokowi បាននិយាយបន្ថែមថា លោកទទួលស្គាល់ថា គោលដៅរបស់យើងនេះ គឺជាសេចក្ដីប្រាថ្នាលើសលប់បន្តិចមែន ប៉ុន្តែវាត្រូវតែសម្រេចឱ្យបាន ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍ នៅក្នុងទីក្រុងមួយដែលជាចំណុចកណ្តាល នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ និងជាទីជម្រករបស់ប្រជាជនប្រមាណ ១០.៥លាននាក់។

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញដែលត្រូវបានសម្ភាសដោយសារព័ត៌មាន CNA បាននិយាយថា «គោលដៅនេះអាចធ្វើទៅបាន» ក្នុងការចាក់វ៉ាក់សាំង ជូនដល់ប្រជាជននៅទីក្រុងហ្សាការតាឱ្យបានប្រមាណ ៧.៥លាននាក់នៅចុងខែសីហាខាងមុខនេះ ដោយសារតែទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ធ និងវ៉ាក់សាំងគ្រប់គ្រាន់។ ទោះយ៉ាងណាក៏ដោយ ការធ្វើបែបនេះមិនត្រូវបានគេគិតថា នឹងអាចនាំឱ្យមានភាពស៊ាំជាសហគមន៍នោះទេ។

សាស្ត្រាចារ្យ ធីចាន់ដ្រា យ៉ូហ្គា អេឌីតាម៉ា (Tjandra Yoga Aditama) ដែលជាអតីតនាយកការិយាល័យ អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (WHO SEARO) បានលើកឡើងថា ដើម្បីឈានទៅរកភាពស៊ាំជាសហគមន៍ វាគឺត្រូវការពេលវេលាសម្រាប់ខ្លួនរបស់យើង ដើម្បីបង្កើតអង្គបដិប្រាណ (អង់ទីករ) ប្រឆាំងនឹងជំងឺនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា យ៉ាងហោចណាស់ប្រជាជនចំនួន ៣.៥លាននាក់នៅទីក្រុងហ្សាការតា បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី១ របស់ពួកគេរួចរាល់ហើយ ខណៈប្រជាជនប្រមាណ ១.៨លាននាក់ទៀត បានទទួលការចាក់ដូសទី ២ (ពេញលេញ)។ ឥណ្ឌូណេស៊ីជាប្រទេស មានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតប្រចាំអាស៊ាន នោះគឺរហូតដល់ជាង ២លានករណី ក្នុងនោះស្លាប់ជាង ៥៥,០០០នាក់ និងជាសះស្បើយវិញជាង ១,៨១៧,០០០នាក់៕