(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣ (Benigno Aquino III) បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះហើយក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកត្រូវបានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋធានីម៉ានីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច។
យ៉ាងណាក៏ដោយ នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះ នៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុងក្វេហ្សុន (Quezon) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត មិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ។
ដោយឡែកប្អូនស្រីរបស់ Benigno Aquino III គឺលោកស្រី គ្រីស អាគីណូ (Kris Aquino) ដែលត្រូវជាតារាសម្តែងល្បីឈ្មោះមួយរូបនៅហ្វីលីពីន ក៏បានបង្ហាញមុននៅមន្ទីរពេទ្យទីក្រុងម៉ានីលផងដែរ ប៉ុន្តែលោកស្រីមិនបានថ្លែងអ្វីនោះឡើយ។ ជុំវិញមរណភាពរបស់លោក Benigno Aquino III ចៅក្រមតុលាការកំពូលហ្វីលីពីនលោក ម៉ាវិច ឡេអូណិន (Marvic Leonen) ដែលត្រូវបានលោក Aquino តែងតាំងឲ្យកាន់តំណែងនេះកាលពីឆ្នាំ២០២១ ក៏បានសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅផងដែរ។
គួរបញ្ជាក់ថា លោក Benigno Aquino III បានកាន់់តំណែងជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ហើយចំពោះការស្លាប់របស់លោកក្នុងវ័យ ៦១ឆ្នាំនេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ថា លោកបានជួបបញ្ហា ឬមានជំងឺអ្វីឲ្យប្រាកដឡើយ៕