(ហ្សាការតា)៖ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មន្ទីរពេទ្យនិងគ្រែអ្នកជំងឺ កំពុងត្រូវរៀបចំបន្ថែមទៀតនៅរដ្ឋធានីហ្សាការតា ដើម្បីទប់ទល់នឹងការស្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ហើយទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានធានាអះអាងចំពោះប្រជាជនឥណ្ឌូណេស៉ីថា អុកស៉ីហ្សែនគឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

កំលុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក Budi Gunadi Sadikin បាននិយាយប្រាប់ថា មន្ទីរពេទ្យធំៗចំនួន ០៣កន្លែង នៅក្នុងទីក្រុងហ្សាការតា នឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យព្យាបាល COVID-19 ទាំងស្រុង។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូណេស៉ី ក៏កំពុងរៀបចំកន្លែងព្យាបាលបណ្តោះអាសន្នថ្មីៗផងដែរ។

បើតាមលោក Sadikin នៅទូទាំងប្រទេសឥណ្ឌូណេស៉ី មានគ្រែពេទ្យ ៨៥,០០០គ្រែ ដោយមិនទាន់គិតការត្រៀមបន្ថែមគ្រែ និងកន្លែងព្យាបាលថ្មីៗ ក្នុងទីក្រុងហ្សាការតានៅឡើយទេ ហើយបច្ចុប្បន្នប្រមាណជា ២៥,០០០គ្រែនៅទំនេរ។ ពាក់ព័ន្ធនឹងអុកស៉ីហ្សែន លោក Sadikin បាននិយាយថា វាមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់វិស័យសុខាភិបាល។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌូណេស៉ីមានចំនួន ២,០៥៣,៩៩៥នាក់ ក្នុងនោះស្លាប់ ៥៥,៩៤៩នាក់។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ករណីឆ្លងប្រចាំថ្ងៃបានបំបែកកំណត់ត្រាថ្មីមួយទៀតគឺ ២០,៥៧៤នាក់ ដោយក្នុងនោះ ៧,៥០៥នាក់នៅទីក្រុងហ្សាការតា៕