(តែល អាវីវ)៖ អ៊ីស្រាអែលបានប្រកាសប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនថា ពួកគេត្រូវពាក់ម៉ាសជាថ្មីម្តងទៀតចាប់ពីថ្ងៃសុក្រនេះ ពោលគឺវាមានរយៈពេល ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឱ្យដោះវាចេញ ចំពេលកំពុងព្យាយាមទប់ស្កាត់ នឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី ឌែលតា (Delta) ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា ដែលមានសមត្ថភាពចម្លងរហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
តម្រូវការឱ្យពាក់ម៉ាស់ គឺជាផ្នែកមួយនៃវិធានការរឹតត្បឹតសង្គមដែលត្រូវអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងឆាប់រហ័សរបស់អ៊ីស្រាអែល បានធ្វើឱ្យករណីឆ្លងធ្លាក់ចុះ។
ប៉ុន្តែករណីឆ្លង បានកើនឡើងច្រើនជាងបួនដងក្នុងសប្តាហ៍នេះរហូតដល់ ១៣៨ករណី បន្ទាប់ពីការផ្ទុះឡើងនូវវីរុស COVID-19 បម្លែងខ្លួនថ្មី Delta នៅសាលារៀនចំនួន ០២កន្លែង ដែលជំរុញឱ្យក្រុមមន្ត្រី ចាប់ផ្ដើមដាក់ចេញនូវវិធានការរឹតត្បឹតមួយចំនួនម្តងទៀត និងជំរុញឱ្យឪពុកម្តាយនាំកូនៗដែលអាយុចន្លោះពី ១២ ទៅ ១៥ឆ្នាំទៅទទួលការចាក់វ៉ាក់សាំង។ ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបំពេញបន្ថែមនូវវិធានការពាក់ម៉ាស សម្រាប់កន្លែងនានាផងដែរ លើកលែងតែក្នុងផ្ទះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រហែល ៥៥ភាគរយនៃប្រជាជនសរុប ៩.៣លាននាក់របស់អ៊ីស្រាអែល បានទទួលការចាក់វ៉ាក់សាំងពេញលេញហើយ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង (Pfizer-BioNTech)។ សិទ្ធិទទួលបានការចាក់វ៉ាក់សាំង ក៏ត្រូវបានពង្រីកដល់ក្មេងៗ ដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំរួចទៅហើយដែរកាលពីខែមុន៕