(តូក្យូ)៖ នៅថ្ងៃសុក្រនេះជប៉ុនបានសម្រេចជាស្ថាពរ នូវនីតីវិធីផ្តល់សច្ចាប័ន ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើលោក ហៅថា RCEP ដែលរួមមានទាំងចិន និងអាស៊ាននៅក្នុងនោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Kyodo News នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
ជប៉ុនគឺជាប្រទេសទី៣ហើយ ដែលបានបញ្ចប់នីតីវិធីផ្តល់សច្ចាប័នកិច្ចព្រមព្រៀង RCEP។ វានឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ជប៉ុន ដែលពាក់ព័ន្ធជាមួយចិនផង និងកូរ៉េខាងត្បូងផង ខណៈមួយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន និងមួយទៀតជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣។
រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្មជប៉ុន លោក ហ៊ីរ៉ូស៊ិ កាជីយ៉ាម៉ា (Hiroshi Kajiyama) បានថ្លែងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនេះ នឹងពង្រឹងចំណងទាក់ទងរវាងជប៉ុន និងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ហើយវាក៏នឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចជប៉ុន នៅពេលចូលជាធរមានផងដែរ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រទេសចំនួន ១៥ ក្នុងនោះរួមមានអាស៊ាន ចិន ជប៉ុន អូស្រ្តាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។ វានឹងចូលជាធរមាននៅរយៈពេល ៦០ថ្ងៃ ក្រោយទទួលបានការផ្តល់សច្ចាប័នពីសំណាក់ សមាជិកអាស៊ានយ៉ាងហោច ០៦ និងប្រទេសហត្ថលេខី ៣ទៀត។ សម្រាប់ប្រទេសសិង្ហបុរី និងចិន បានបញ្ចប់នីតិវិធីផ្តល់សច្ចាប័នរៀងៗខ្លួនរួចរាល់ហើយ គឺមុនជប៉ុនទៅទៀត៕