(មីននាផូលីស)៖ ទីបំផុតអតីតប៉ូលិសនៃទីក្រុងមីននាផូលីស (Minneapolis) លោក ដឺរែក ឆូវីន (Derek Chauvin) ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២២ឆ្នាំ និង ០៦ខែ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទសម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក គឺលោក ចច ហ្វ្ល យដ៍ (George Floyd) ហើយដែលមរណភាពនៃបុរសស្បែកខ្មៅរូបនេះ បានបង្កឱ្យផ្ទុះបាតុកម្មកក្រើកសហរដ្ឋអាមេរិក ប្រឆាំងនឹងអំពើឃោឃៅរបស់ប៉ូលិស និងការរើសអើងពូសាសន៍កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
លោក ខេស អ៊ែលលីសុន (Keith Ellison) អគ្គរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា (Minnesota) បាននិយាយថា ការផ្តន្ទាទោសនេះគឺជាការទទួលទោសដ៏យូរបំផុតមួយ ដែលមិនធ្លាប់មានពីសំណាក់អតីតមន្រ្តីប៉ូលិស ចំពោះការប្រើប្រាស់កម្លាំងសម្លាប់មនុស្សខុសច្បាប់។ លោក Keith Ellison បានបញ្ជាក់បន្ថែមថា «ការកាត់ទោសនៅថ្ងៃនេះ មិនមែនជាយុត្តិធម៌ទេ ប៉ុន្តែវាគឺជាពេលវេលាមួយទៀត នៃការទទួលខុសត្រូវពិតប្រាកដ នៅលើផ្លូវឆ្ពោះទៅរកយុត្តិធម៌ នៅក្នុងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា តុលាការបានរកឃើញថា លោក Derek Chauvin អាយុ ៤៥ឆ្នាំពិតជាមានពិរុទ្ធប្រាកដមែន ពីបទមនុស្សឃាតដោយអចេតនាលើលោក George Floyd ក្រោយយកជង្គង់សង្កត់លើករបស់លោក អស់រយៈពេលប្រមាណជា ០៩នាទីរហូតដល់ដាច់ខ្យល់ស្លាប់ កំលុងពេលឃាត់ខ្លួនដោយសង្ស័យថា លោក George Floyd បានប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយចំនួន ២០ដុល្លារ៕