(រ៉ង់ហ្គូន)៖ នៅថ្ងៃអាទិត្យនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងទីក្រុងចំនួន ១៨ផ្សេងទៀតនៅទូទាំងប្រទេស ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងតែកើនឡើងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។
បទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទស្អែកនេះ នឹងត្រូវអនុវត្តចំពោះទីប្រជុំជនចំនួន៦ ក្នុងតំបន់ Bago និង១២ នៅទីក្រុងក្នុងតំបន់រ៉ង់ហ្គោន ដោយសារតែការឆ្លងកូវីដ១៩ កើនឡើងខ្លាំង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានដាក់បទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះចំពោះខេត្ត-ក្រុងចំនួន៦៣ហើយ នៅទូទាំងប្រទេស។
យោងតាមតួលេខរបស់ក្រសួងនៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងកូវីដ១៩ នៅមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៩២,២១៣ករណី បន្ទាប់ពីករណីថ្មីចំនួន ៣,៤៦១ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕